ព័ត៌មាន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី និងប្រព័ន្ធគាំពារសង្គម និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះអាសន្ន

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ចំនួនពីរ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៣ គឺ «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន» ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ ។

 

ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តោតលើមនុស្ស ជាចម្បង ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ ជាក់ស្តែង ការដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដោយក្នុងនេះមានកម្មវិធីជាតិជំនួយសង្គមចំនួន ៤ រួមមាន (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង (៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ បន្ថែមលើនេះ, កញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហានិភ័យ និងភាពងាយរងគ្រោះនានា ។ កម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ បន្ទាប់ពី «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវបិទបញ្ចប់ ។ សូមរំលឹកផងដែរថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១.៣៥៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១, ៦០១ លានដុល្លារ ក្នុងឆ្នាំ២០២២ និងគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រមាណជាង ១.២០០ លានដុល្លារ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ជាពិសេសលើ កម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និង ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើម។

 

លើសពីនេះ សម្តេចមហាបវរធិបតី ក៏បានជម្រាបជូនអង្គពិធីទាំងមូលផងដែរថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដើម្បីត្រៀមរួចជាស្រេចក្នុងការធ្វើអន្តរាគមន៍គាំពារសង្គម បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយដែលមានស្រាប់ ។ ការណ៍នេះ នឹងផ្តល់កិច្ចគាំទ្រដល់គ្រួសារទាំងនោះនូវមធ្យោបាយ និងលទ្ធភាព ដើម្បីដោះស្រាយបញ្ហាជីវភាព និង ការស្ដារជីវភាពឡើងវិញប្រកបដោយប្រសិទ្ធភាព ទាំងក្នុងអំឡុងពេល និងក្រោយពេលគ្រោះអាសន្ន ។

 

សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវកី្តសង្ឃឹមយ៉ាងមុតមាំថា គោលការណ៍ណែនាំ ទាំងពីរនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី ក៏ដូចជារួមចំណែកដល់ការពង្រឹង និង ពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គម ជាពិសេសត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញអន្តរាគមន៍គាំពារសង្គម ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះអាសន្ន។

 

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា ខិតខំរៀបចំឯកសារគោលការណ៍ណែនាំទាំងពីរ ព្រមទាំងបានរៀបចំរួចជាស្រេចនូវ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលត្រៀមចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *