ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ថា អ្វីដែលកម្ពុជាចង់បានគឺការបង្កើតបរិយាកាសដែលមានជំនឿជឿជាក់ពីគ្នាទៅវិញទៅមក។
នៅក្នុងជំនួបពិភាក្សាការងារតាមវីដេអូ ជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍ថា អ្វីដែលកម្ពុជាចង់បាន កិច្ចសហប្រតិបត្តិការពីឯកឧត្ដម មុនតាប៊ន នោះគឺ ការបង្កើតបរិយាកាសដែលមានជំនឿជឿជាក់ពីគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្សដែលមិនទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ហើយសម្តេចក៏បានលើកឡើង ពីបញ្ហាសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងសិទ្ធិមនុស្សនៅកម្ពុជាដូចជាសិទ្ធិអ្នកទោសជាស្ត្រីមានទោសស្រាលនៅក្នុងពន្ធធានាគារ ក៏ដូចជាការចាក់វ៉ាក់សាំងផងដែរ។ នេះបើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ដែលបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន។
នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគោរព ជម្រាបជូនសម្ដេចតេជោថា ៖ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលមានឱកាស បានគោរពជួបពិភាក្សាជាមួយសម្តេចតេជោតាមប្រព័ន្ធអនឡាញនៅថ្ងៃនេះ។
ឯកឧត្ដមបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងជូនចំពោះសម្តេចតេជោ ក៏ដូចជាចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ក្នុងឱកាសនេះ ឯកឧត្តមក៏បានគោរពស្នើសុំស្វែងយល់ពីសម្តេច,ជាពិសេសអាទិភាពរបស់កម្ពុជា,បញ្ហាសិទ្ធិមនុស្ស, ករណីមេរៀនដែលរៀនបាន អំពីជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ, ក៏ដូចជាករណីការពង្រីកលំហសេដ្ឋកិច្ច-សង្គមស៊ីវិល និងនយោបាយ និង សូមគោរព ស្វែងយល់ពីសម្ដេចនូវអ្វីដែលឯកឧត្តម គួរធ្វើ ដើម្បីគាំទ្រដល់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។
សូមបញ្ជាក់ថា៖ លោក វិទិត មុនតាប៊ន ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិជ្រើសរើស ឱ្យមកកាន់តួនាទីជាអ្នករាយការណ៍ពិសេស ឬ អ្នកស៊ើបអង្កេតពិសេសផ្នែកសិទ្ធិមនុស្ស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជំនួសលោកស្រី រ៉ូណាស្មីត ដែលត្រូវផុតអាណត្តិ។ លោក វិទិត មុនតាប៊ន គឺជាជនជាតិថៃ ជាមនុស្សដែលលេចធ្លោ មានឈ្មោះល្បីធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារផ្នែកច្បាប់ និង សិទ្ធិមនុស្សអន្តរជាតិជាច្រើននៅលើឆាកអន្តរជាតិ៕