សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរ នៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា UPF ក៏មានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ។ ដូច្នេះនៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្តនយោបាយ សង្រ្គាម និងភាពមិនប្រាកដប្រជានោះ UPF គួរស្វែងរកលទ្ធភាពកាន់តែច្រើនជាមួយរដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាពដ៏មានតម្លៃនេះ។