ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោក បានប្រឈមច្រើននឹងវិបត្តិនានា ជាពិសេស បញ្ហាអាកាសធាតុ និងសង្គ្រាម ជាដើម ។
សម្ដេច បន្តថា ការប្រឈមនេះ បានបណ្ដាលឱ្យប្រទេសនានា មានការបារម្ភព្រួយ ខ្លាំងចំពោះបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសរៀងៗខ្លួន។ សម្ដេចធិបតី បញ្ជាក់ថា នៅអំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារនោះ កម្ពុជា មិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានសល់ផលកសិកម្ម និងបាននាំចេញជាងប្រាំមួយលានតោន ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២៣ នេះថែមទៀត ។