ព័ត៌មាន

ឃាត់ខ្លួនប្រធានសមាគមស្ត្រីដើម្បីសង្គម និងសមាជិកប្រាំនាក់ពាក់ព័ន្ធដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ

ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនប្រធានសមាគមស្ត្រី ដើម្បីសង្គម រួមទាំងសមាជិកចំនួន ៥នាក់ សាកសួរពាក់ព័ន្ធការធ្វើសកម្មភាពចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋធ្វើញ្ញត្តិដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍បញ្ចុះតម្លៃទឹកភ្លើង ថ្លៃផ្ទះជួល ប្រេងសាំង និងផ្អាកបង់ប្រាក់ធនាគារបីខែ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
ប្រធានសមាគមស្ត្រី ដើម្បីសង្គម និងសមាជិកចំនួន ៥នាក់ កំពុងតែស្ថិតនៅក្រោមការសាកសួរពីមន្ត្រីនគរបាលនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋនេះ គឺមិនមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឬសាលារាជធានីភ្នំពេញនោះទេ។ ហើយប្រធានសមាគមស្ត្រីដើម្បីសង្គម បានទទួលកំហុសក្នុងការអនុញ្ញាតឲ្យសមាជិករបស់ខ្លួនដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ។
បើតាមប្រភពបានបញ្ជាក់ថា សមាជិកសមាគមស្ត្រីដើម្បីសង្គម ត្រូវបានឃាត់ខ្លួននៅពេលដែលចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋនៅជិតអង្គការ PSE (ជិតសឡា) ។
ការចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋ គឺដើម្បីធ្វើញ្ញត្តិដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍បញ្ចុះតម្លៃទឹកភ្លើង ថ្លៃផ្ទះជួល ប្រេងសាំង និងផ្អាកបង់ប្រាក់ធនាគារបីខែ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។
ទាក់ទងការហែរក្បួនដាក់ញ្ញត្តិនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យហែរក្បួននោះទេ តែអនុញ្ញាតតំណាងយកញ្ញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី។
លោកមាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ថា ពាក់ព័ន្ធសំណើរបស់សមាគមស្ត្រីដើម្បីសង្គម ដែលបានដាក់ញ្ញត្តិកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មករដ្ឋបាលរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឲ្យមានការហែរក្បួនដាក់ញ្ញត្តិនោះទេ ប៉ុន្តែខាងសមាគមអាចចាត់តំណាងម្នាក់យកញ្ញត្តិទៅដាក់ជូនខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ណាមួយតាមអ្វីដែលជាកម្មវត្ថុនៃការដាក់ញ្ញត្តិនោះ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដំណាក់កាលនេះ ខាងសមាគមស្ត្រីដើម្បីសង្គមគួរតែជ្រាប ហើយនឹងចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការប្រមូលផ្តុំប្រជាពលរដ្ឋ ការប្រមូលផ្តុំមនុស្សឲ្យមកជួបជុំគ្នាច្រើន ទោះបីជាក្នុងគោលបំណងណាក៏ដោយក៏វាមិនសមគួរជាមួយនិងស្ថានភាពដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាត ជាពិសេសនៅទីក្រុងភ្នំពេញរបស់យើងដែលមានករណីកូវីដ១៩ច្រើន។ ហើយមានជម្រើសនៃនីតិវិធីជាច្រើនដែលខាងសមាគមអាចធ្វើទៅបានចៀសជាងការប្រមូលផ្តុំមនុស្សដើម្បីធ្វើការដង្ហែញ្ញត្តិនេះ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *