តារាចម្រៀង និងជាតារាសម្តែងល្បីឈ្មោះរបស់កូរ៉េ កញ្ញា IU បានបរិច្ចាគប្រាក់ចំនួន ៣០០លានវ៉ុន (២២៦,១៥៩ដុល្លារ) ដល់អង្កការសប្បុរសធម៌មួយ ដើម្បីជួយដល់ក្រុមមនុស្សខ្វះខាតផ្នែកសេវាវេជ្ជសាស្រ្ត និងសុខុមាលភាពប្រជាជនក្នុងតំបន់។ ការបរិច្ចាគប្រាក់នេះ គឺធ្វើឡើងនៅថ្ងៃរំលឹកខួបលើកទី១៥ឆ្នាំ នៃការចូលសិល្បៈរបស់នាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Korea Times នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
IU បានបរិច្ចាគ១០០លានវ៉ុន ទៅកាន់អង្គការសប្បុរសធម៌ ៣ផ្សេងគ្នា រួមមានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan, សមាគមជាតិសុខុមាលភាពកុមារកូរ៉េ និងមន្ទីរពេទ្យកុមារ Seoul Metropolitan Children’s Hospital។ នេះបើយោងតាម Edam Entertainment។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្រោមឈ្មោះ «IUaena» ដែលរួមបញ្ចូលគ្នានូវឈ្មោះឆាករបស់ IU និងឈ្មោះអ្នកគាំទ្ររបស់នាងគឺ Uaena។