តាមរយៈជំនឿទៅលើអ្នកសច្ចំភ្នំត្បែងដែលជាទីល្បីឈ្មោះគឺ លោក តាសួង ឬ អ្នកខ្លះហៅថាលោកឪសួង ឬ ទេវតា ដើរដី នោះកំពុងបានស្រូបទាញបន្ថែមទៀតលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌភ្នំត្បែង ក្នុងទឹកដី ខេត្ត ព្រះវិហារ។
ដោយសារសម្រស់ធម្មជាតិ ផ្គួបផ្សំនឹងតាមរយៈជំនឿបានធ្វើឱ្យតំបន់បេតិកភណ្ឌភ្នំត្បែងកាន់តែលេចត្រដែតជាទីល្បីឈ្មោះក្នុងស្រទាប់ អ្នកទេសចរ ទាំងក្នុងស្រុក និង បរទេសមួយចំនួនផង។ក្នុងដំណើរកម្សាន្តទៅកន្លែងនេះគេអាចទស្សនាព្រៃភ្នំ ពោពេញ ទៅដោយ ធម្មជាតិដ៏ស្រស់ស្អាត ដែលក្នុងនេះមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ ប្រកបដោយ ភាពខៀវស្រងាត់ មានអាកាសធាតុល្អ សត្វព្រៃជាដើម។ក្រៅពីនេះក៏នៅមានអាស្រម រួមទាំង កន្លែងតាំងសីលរបស់ព្រះសង្ឃសម័យមុនៗ និង ជាពិសេសកន្លែងអ្នកសច្ចំភ្នំត្បែងលោកតាសួងត្រូវបានគេរៀបចំស្ទើរគ្រប់កន្លែងតាំងពីជើងភ្នំរហូតដល់កំពូលភ្នំ។ភ្ញៀវទេសចរអាចចូលបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនរៀងៗខ្លួន។