នាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបញ្ចេញកម្លាំងអន្ដរាគមន៍ពិសេស ដើម្បីចេញល្បាតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយប្ដូរវេន២៤ម៉ោង លើ២៤ម៉ោង ដើម្បីរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពជូនពលរដ្ឋ។
បេីតាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឲ្យដឹងថា នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះថា ក្រោយមានបទបញ្ជារបស់ ឯកឧត្តមស្នងការឲ្យបញ្ចេញកម្លាំងអន្ដរាគមន៍ពិសេសនេះគឺដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលអាចកើតមានឡើង និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបមុខរបរផ្សេងៗ ដោយគ្មានការភ័យខ្លាច។
គួរបញ្ជាក់ផងដែរ ប៉ុន្មានថ្ងៃចុងក្រោយ ពាក់ព័ន្ធក្រុមក្មេងទំនើងដែលអុកឡុកក្នុងសង្គម លោកបានបញ្ជាក់អំពីវិធានការក្ដៅយ៉ាងម៉ឺងម៉ាត់បំផុត និងស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ ដោយមិនបណ្ដោយឲ្យក្មេងទំនើងទាំងអស់នោះបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។