ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកជំទាវទី១ ជៀល បៃដិន បានធ្វើដំណើរទៅដល់កោះម៉ាវអ៊ី និងទទួលបានការស្វាគមន៍ពីអភិបាលរដ្ឋហាវ៉ៃ លោក ចូស គ្រីន ពោលគឺជិតពីរសប្តាហ៍បន្ទាប់ពីភ្លើងឆេះព្រៃដ៏កំណាចលេបត្របាក់ទីក្រុងប្រវត្តិសាស្រ្ត ឡាហៃណា។
បន្ទាប់ពីចុះទស្សនកិច្ចការខូចខាតដោយសារភ្លើងឆេះព្រៃនៅទីក្រុងឡាហៃណា រដ្ឋហាវ៉ៃ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា ការបំផ្លិចបំផ្លាញមានទំហំធំលើសលប់ និងថា រដ្ឋាភិបាលសហព័ន្ធនឹងជួយសាងសង់ឡើងវិញ នូវអ្វីដែលប្រជាជនកោះម៉ាវអ៊ីត្រូវការ។
លោក បៃដិន បានប្រាប់អ្នកនៅរស់រានមានជីវិតពីគ្រោះអគ្គិភ័យដ៏រន្ធត់នៅរដ្ឋហាវ៉ៃថា រដ្ឋាភិបាលនឹងមិនបោះបង់ចោលពួកគេឡើយ… យើងនឹងនៅជាមួយពួកអ្នកឱ្យបានយូរតាមដែលអ្នកត្រូវការ។ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា ខ្ញុំដឹងថា គ្មានអ្វីអាចជំនួសការបាត់បង់ជីវិតបានទេ… ប៉ុន្តែខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ខ្ញុំ ដើម្បីជួយកសាងកោះម៉ាវអ៊ីឡើងវិញពីសោកនាដកម្មដ៏អាក្រក់បំផុតនេះ។