មហាវិថី សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានប្រវែងជាង ៥គីឡូម៉ែត្រ ទទឹង ៣០ម៉ែត្រ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅតែម្តង។
ពិធីសម្ពោធនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ សីហានេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា មហាវិថី សំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ផ្លូវក្រវាត់ក្រុងទី៣កាត់តាមបុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍ មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។