ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយទៅកាន់អ្នកចូលរួមក្នុងវេទិកា Army-2023 ថា រុស្ស៊ីបើកចំហចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិស្មើៗគ្នាជាមួយគ្រប់ប្រទេសដែលស្វែងរកការការពារផលប្រយោជន៍របស់ពួកគេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា រុស្ស៊ីបើកទូលាយ និងស៊ីជម្រៅនូវភាពជាដៃគូបច្ចេកវិទ្យាដោយស្មើភាពគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសដទៃទៀត ពោលគឺជាមួយប្រទេសទាំងឡាយណា ដែលស្វែងរកការការពារផលប្រយោជន៍ជាតិ និងមាគ៌ាឯករាជ្យនៃការអភិវឌ្ឍន៍របស់ពួកគេ។
លោក ពូទីន បានសង្កត់ធ្ងន់ថា វេទិកា Army-2023 ត្រូវបានគេទទួលស្គាល់ថា ជាការតាំងពិពណ៌ដ៏ធំបំផុតមួយរបស់ពិភពលោក ពាក់ព័ន្ធនឹងឧបករណ៍យោធាទំនើបៗ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងពហុភាគីរបស់រុស្ស៊ីជាមួយបណ្តាប្រទេសដទៃទៀត។