ក្នុងឱកាសនៃការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ក្រសួងបរិស្ថាន បានសម្ដែងការអរគុណដល់ក្រុមគ្រួសាររបស់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានបំពេញតួនាទី និងលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុធម្មជាតិ និងបរិស្ថាន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម នេត ភក្ត្រា បានប្រាប់ឱ្យដឹងថា ក្រសួងបរិស្ថានបានចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកថ្ងៃទី៣១កក្កដា ដែលសំដៅការរំឭកឡើងវិញនូវតួនាទី និងភារកិច្ចដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការងារការពារ និងអភិរក្ស ពិសេសកិច្ចការលះបង់របស់មន្ត្រីឧទ្យានុរក្ស ដើម្បីបុព្វហេតុធម្មជាតិ និងបរិស្ថាន។
ឯកឧត្ដម នេត ភក្ត្រា បន្តថា ៖ «ប្រជាជនកម្ពុជា សូមអរគុណទៅដល់មន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចនៅក្នុងតំបន់ការពារធម្មជាតិនានា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញតួនាទីលើកិច្ចអភិរក្សធនធានធម្មជាតិ»។