ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជិត ១០ម៉ឺននាក់ បានត្រៀមសម្រាប់ការពារ យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ។ ដោយក្នុងចំណោមកម្លាំងសមត្ថកិច្ចជិត ១០ម៉ឺននាក់នេះ គឺសម្រាប់ការឃោសនាបោះឆ្នោតប្រើប្រាស់កម្លាំងតែជាង ២ម៉ឺននាក់តែប៉ុណ្ណោះ និងកម្លាំងជាង ៧ម៉ឺននាក់ សម្រាប់ការពារនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្រៅពីកម្លាំងជិត ១០ម៉ឺននាក់នេះ ក៏មានត្រៀមកម្លាំងអន្តរាគមន៍នៅតាមមូលដ្ឋានសរុបប្រមាណជាង ៦ពាន់នាក់ និងមានត្រៀមកម្លាំងថ្នាក់ជាតិប្រមាណជាង ១ពាន់នាក់ទៀត ដើម្បីត្រៀមចេញប្រតិបត្តិការនៅក្នុងករណីមានហេតុការណ៍ចៃដន្យយថាហេតុកើតឡើងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។