ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ក្រុមហ៊ុនក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជា។
សម្តេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាវិស័យអាទិភាពមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស ដោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត រួមទាំងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងការកសាងកំពង់ផែក្នុងខេត្តសក្តានុពលមួយចំនួនរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា៕
————