ភ្នំពេញ)៖ កាលពី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ជនសង្ស័យទាំង០៣នាក់មានឈ្មោះ៖ ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ។
ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់ (ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។
ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ សាន រីដា (ហៅដឺ) បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះជាបរទេស ដែលកំពុងដើរលើចិញ្ចើមពិតមែន ដោយខ្លួនបានប្រើប្រាស់ថ្នាំញៀន អស់រយៈពេល០៥ឆ្នាំមកហើយ។ រីឯជនសង្ស័យឈ្មោះ ទក ពិសិដ្ឋ បានសារភាពឲ្យដឹងដែរថា កន្លងមកខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០៥ឆ្នាំ ពីបទវាយប្លន់ជនបរទេសផងដែរ។
ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រគល់ឲ្យជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕