បុរស២នាក់ ព្រោះរឿងស៊ីផ្លេមិនឈប់ បង្កឱ្យក្លាយហិង្សាវាយតប់គ្នា និងបើករថយន្តបុកគូថរថយន្តគ្នា បង្កឱ្យក្លាយជាគ្រោះថ្នាក់ចរាចរណ៍ ចុងក្រោយ! សមត្ថកិច្ចត្រូវធ្វើការផាកពិន័យចំនួន២លានរៀលស្មើៗគ្នា
ភ្នំពេញ ៖ កាលពី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវ២៩ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មុនពេលកើតហេតុ ភាគីខាងបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX៣០០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ២AT៥៨២៩ រួមដំណើរបុរស២នាក់បើកតាមផ្លូវ២៩ ក្នុងទិសពីត្បូងទៅជើង ពេលនោះក៏មានរថយន្ត១គ្រឿងនៅពីមុខ ធ្វើបុរសបើកឡិចស៊ីសមិនអាចបើកលឿនបាន។ ក្នុងគ្រានោះដែរ ក៏មានបុរសម្នាក់ទៀតបើករថយន្តម៉ាក Ford range ពណ៌លឿងទុំ ពាក់ស្លាកលេខ ភ្នំពេញ២BL-៧៧៣៧ ឆ្នាំផលិត២០២០ បើកមកពីក្រោយរថយន្តឡិចស៊ីស ហើយគិតតែពីស៊ីផ្លេមិនឈប់នោះទេ។ បន្ទាប់មកបុរសបើករថយន្តឡិចស៊ីសក៏បានជាន់ហ្វ្រាំងរថយន្ត រួចបើកទ្វារដើរសំដៅទៅរថយន្តម៉ាក Ford range ដើម្បីសួរនាំ ហើយក៏បានចង្អុយដោយប្រើកាយវិកាយឱ្យបុរសបើករថយន្តម៉ាក Ford range ចុចកញ្ចក់រថយន្ត។ ពេលនោះបុរសបើករថយន្តម៉ាក Ford range ក៏បានចុចកញ្ចក់ចុះ ហើយក៏សួរនាំ រហូតដល់ប្រកែកគ្នា បន្ទាប់មកបុរសបើករថយន្តឡិចស៊ីសខឹងក៏បានវ៉ៃ១ដៃលើផ្ទៃមុខ។
ករណីហិង្សានេះ គឺកើតឡើងដោយការបើកបរមិនយោគយល់គ្នារឿងចុចស៊ីផ្លេរថយន្ត ហើយភាគីទាំងសងក៏បានស្នើសុំមិនប្ដឹងទៅលើបុគ្គលណាម្នាក់ទេ ប៉ុន្តែសុំដោះស្រាយរឿងគ្រោះថ្នាក់ចរាចរណ៍។ ដោយបុរសឈ្មោះ អ៊ុន គឹមឈុន អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២២៦A ផ្លូវ៣៧បេតេ ស្ថិតក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបើករថយន្តឡិចស៊ីសយករថយន្តម៉ាក Ford range បើកដោយបុរសឈ្មោះ តាន់ តិចលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ១៨៤ ផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ យកទៅក្រុមហ៊ុនជួសជុលឱ្យស្អាតឡើងវិញ ហើយក៏ត្រូវបានបញ្ចប់។
សមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ដោយបុរសបើករថយន្តឡិចស៊ីស RX៣០០ មានជាតិអាកុល០.៥៨មីលីក្រាមក្នុង១លីត្រខ្យល់ ចំណែកបុរសបើករថយន្តម៉ាក Ford range ផ្លុំទៅឃើញ០.៥០មីលីក្រាមក្នុង១លីត្រខ្យល់ ដោយការបើកបររថយន្តមានគ្រឿងស្រវឹង ដូច្នេះក្នុងមួយម្នាក់ៗ ត្រូវធ្វើការផាកពិន័យចំនួន២លានរៀលស្មើៗគ្នា ៕