ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ឆ្លងកាត់ព្រំប្រទល់កម្ពុជា-ថៃគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន មិនចាំបាច់មានលិខិតឆ្លងដែន!

ភ្នំពេញ៖នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមាន​ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.មិន​បាច់​ប្រើប៉ាស្ព័រ កម្ពុជាចង់សម្រួលឱ្យពលរដ្ឋថៃ រស់នៅខេត្តជាប់ព្រំដែន មកលេងសៀមរាប-អង្គរ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) គណៈកម្មការអន្តរក្រសួង​ បានលើកឡើងពីយោបល់ដើម្បី​ទាក់ទាញពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. បានឱ្យដឹងក្រោយកិច្ចប្រជុំថា រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ឯកឧត្តម ​ថោង ខុន បានលើកឡើងអំពីយោបល់មួយ​ក្នុងការ​ស្នើ​ទៅកាន់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ​ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី ២ (បន្ទាប់ពីខេត្តទី ១ ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។ ឧទាហរណ៍ ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវ ពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប, អ្នកនៅខេត្តសុរិន្ទ្រពេលចូលមកខេត្តឧត្តរមានជ័យ អាចចូលមកខេត្តសៀមរាបទៀតបាន។

លោក ហោ សារុន បាន​បញ្ជាក់​ថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។

បើ​តាមលោក​រដ្ឋលេខាធិការ ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃរស់នៅតាមខេត្តជាប់ព្រំដែន​កម្ពុជា។

ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖

-ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។

-ខេត្តស៊ីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

-ខេត្តសុរិន្ទ្រ (Surin) ជាប់ជាមួយខេត្តឧត្តរមានជ័យ។

-ខេត្តបុរីរម្យ (Buri Ram) ជាប់ជាមួយខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

-ខេត្តស្រះកែវ (Sa Kaeo) ជាប់ជាមួយខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

-ខេត្តចន្ទបុរី (Chanthaburi) ជាប់ជាមួយខេត្តបាត់ដំបង និងខេត្តបៃលិន។

-ខេត្តត្រាត (Trat) ជាប់ជាមួយខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។

បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូល រវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ។ ដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *