ភ្នំពេញ៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាប័នព័ត៌មានណា ដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ និងជេរប្រមាថអ្នកដទៃ ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាប័ណ្ណតែម្តង ។
លោក ខៀវ កញ្ញារីទ្ធ ថ្លែងបញ្ជាក់ដូច្នេះ នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ចុងខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ២៩ សីហា ម្សិលមិញនេះ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ។
លោក ខៀវ កាញ្ញារីទ្ធ បានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងព័ត៌មាន បានសម្រេចបិទចោលនូវអាជ្ញាបណ្ណសារព័ត៌មានមួយ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ បន្ទាប់ពីបានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួន ប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ ។
បើតាមការបញ្ជាក់របស់ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានឲ្យដឹងថា ៨ខែ ឆ្នាំ ២០២២ នេះ ក្រសួងព័ត៌មាន ទើបតែលុបអាជ្ញាបណ្ណ អង្គភាពសារព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬ ធ្វើអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរោះ និងពាក្យជេរប្រមាថ តែ ១ករណី នេះទេ ៕