ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរៀបរាប់ឱ្យដឹង កាលវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះថា ក្រោយពីទទួលដំណឹងពាក់ព័ន្ធទៅនឹងការបា.ត់ខ្លួនប្អូនប្រុសពៅរបស់ខ្លួនម្នាក់ ដែលបានទៅស្នាក់នៅធ្វើការក្នុងផ្ទះបងស្រីបង្កើត លុះម្តាយបារម្ភខ្លាំង ក៏ប្រើរូបគេឱ្យទៅសួរនាំទាំងយប់ លុះប្រកែកគ្នាចុះឡើងៗជាមួយបងស្រី ស្រាប់តែបងថ្លៃហក់មកដា.ល់ជាច្រើនដៃ បណ្តាលឱ្យដួលផ្កាប់មុខរងរបួសជាំភ្នែក ក្រោយមកក៏បានសម្របសម្រួលនៅកន្លែងនគរបាលបញ្ចប់រឿង។
បុរសរងគ្រោះឈ្មោះ រ៉ាត់ ប៊ុនថាដា អាយុ២៧ឆ្នាំ អ្នកលក់ផ្លែដូងតាមម៉ូតូរ៉ឺម៉ក រងរបួសជាំភ្នែកទាំងសងខាង មានប្រពន្ធឈ្មោះ ស៊ន ម៉េងហន ។
បើតាមប្រភពព័ត៌មានពីបុរសរងគ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ម្តាយរបស់គាត់បានទទួលដំណឹងថា បាត់ខ្លួនប្អូនប្រុសពៅ ឈ្មោះ រ៉ាត់ សុខាន់ អាយុ១៤ឆ្នាំ ដែលបានមកស្នាក់នៅធ្វើការក្នុងផ្ទះបងស្រីបង្កើតម្នាក់ឈ្មោះ រ៉ាត់ ស្រីរ័ត្ន លុះក្រោយពីសួរនាំរកប្អូនចុះឡើងៗ ស្រាប់តែបងថ្លៃឈ្មោះ គី ផានិត បានចេញមកដា.ល់ បណ្តាលឱ្យដួ.លផ្កាប់មុខរងរបួសជាំភ្នែកតែម្តង។
ជនរងគ្រោះបានបន្តទៀតថា ប្អូនប្រុសពៅរបស់គាត់ ត្រូវបានបងស្រីផ្ញើប្រាក់ឱ្យជិះរថយន្តពីខេត្តស្ទឹងត្រែងមកស្នាក់នៅធ្វើការជាមួយអស់រយ:ពេល២ខែមកហើយ ដោយរូបគេជាក្មេងដែលស្លូតបូត មិនសូវចេះមាត់ក.នោះទេ ហើយក៏ខិតខំប្រឹងប្រែងធ្វើការងារទាំងយប់ទាំងថ្ងៃ ស្ទើរគ្មានពេលសម្រាកនោះឡើយ។ នៅមុនថ្ងៃកើតហេតុ ដោយសារតែសម្លៀកបំពាក់សើមហាលអត់ស្ងួត ព្រោះភ្លៀងធ្លាក់ជាប់ៗគ្នា មិនអាចធ្វើការងារយាមជាសន្តិសុខនាពេលយប់បាន ក៏ត្រូវបងថ្លៃស្តីបន្ទោស រហូតដល់ក្រោយមកក៏ចេញពីផ្ទះបាត់ខ្លួន មិនដឹងជាទៅណានោះឡើយ។ ទោះបីជាយ៉ាងណា រហូតមកដល់ថ្ងៃនេះ អស់រយ:ពេលជាង១០ថ្ងៃហើយ មិនទាន់ទទួលដំណឹងពីការបាត់ខ្លួនប្អូននៅឡើយទេ ជាហេតុធ្វើឱ្យម្តាយ ហើយនឹងបងៗដទៃទៀតមានការព្រួយបារម្ភ ពីសុវត្ថិភាពយ៉ាងខ្លាំង។
បើតាមការរៀបរាប់ពីឈ្មោះ រ៉ាត់ សុខឿន ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាបងប្រុសម្នាក់ដែរ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា រូបគេបានដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ ដើម្បីឱ្យសមត្ថកិច្ចជួយស៊ើបអង្កេត ដោយរូបគេពិតជាមានការព្រួយបារម្ភខ្លាំងដែរចំពោះសុវត្ថិភាពរបស់ប្អូន ខណ:ទៅដេកស្នាក់នៅធ្វើការក្នុងផ្ទះបងស្រីខាងលើ ត្រូវបានប្តីស្តីបន្ទោស រហូតដល់រត់ចេញពីផ្ទះមិនដឹងទៅណានោះទេ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ស្ត្រីម្នាក់ឈ្មោះ រ៉ាត់ ស្រីរ័ត្ន ត្រូវជាបងរបស់ក្មេងប្រុសដែលបាត់ខ្លួន បានឱ្យដឹងដែរថា ប្តីរបស់នាងមិនបានស្តីបន្ទោសប្អូនប្រុសពៅខាងលើទេ ដោយយកចិត្តទុកដាក់ថែទាំ និងឱ្យស្នាក់នៅធ្វើការ ដើម្បីបានថវិកាយកទៅចិញ្ចឹមម្តាយនៅឯស្រុកកំណើត។ នាងបន្តទៀតថា លុះក្រោយពីទទួលបានថវិកាពីនាង៤០ម៉ឺនរៀល ផ្ញើឱ្យម្តាយនៅឯស្រុកកំណើតរួច ស្រាប់តែនៅយប់ថ្ងៃដដែល មិនដឹងជាប្អូនប្រុសម្នាក់នេះរត់ទៅណានោះទេ ហើយក៏បានដាក់ពាក្យបណ្តឹងនៅពេលបាត់ខ្លួនភ្លាមៗដែរ៕