ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បន្តចុះជួយរុះរើផ្ទះ និងជួយលើកគ្រឿងផ្ទះ រួមនឹងសម្ភារៈមួយចំនួន ដែលកំពុងប្រឈមនឹងការបាក់ដីស្រុតចូលទៅក្នុងទន្លេបិទ

ត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២បានអញ្ជើញដឹកនាំ កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បន្តចុះជួយរុះរើផ្ទះចំនួន ២ខ្នង និងជួយលើកគ្រឿងផ្ទះ រួមនឹងសម្ភារៈមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងប្រឈមនឹងការបាក់ដីស្រុតចូលទៅក្នុងទន្លេ ដាក់លើយានយន្ត ដឹកយកទៅរក្សាទុកនៅទីទួលមានសុវត្ថិភាព ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កងកម្លាំងនគរបាល ជាកូនចៅ របស់ប្រជាពលរដ្ឋ ដូច្នេះពេលឪពុកម្ដាយមានគ្រោះអាសន្ន និងត្រូវការជំនួយ គឺយើងត្រូវចុះទៅដល់ទីកន្លែងដោយផ្ទាល់ និងខិតខំបម្រើគាត់ឲ្យអស់ពីសមត្ថភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងពោរពេញដោយភាពកក់ក្តៅ ។

លោកបានបន្តថា ស្ថិតក្នុងពេលវេលាដ៏មមាញឹកនេះ យើងសង្កេតឃើញថា កងកម្លាំងនគរបាលរបស់យើង បានខិតខំ ប្រឹងប្រែងបម្រើ និងជួយលើកគ្រឿងបង្គុំ និងរុះរើសផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសេចក្តីរីករាយ ។

យោងតាមស្ថានីយជលសាស្ត្រទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៦ : ០០នាទីព្រឹក ទឹកមានកម្ពស់ ១២.២១ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ +០.១៧ម៉ែត្រ ដែលកំរិតកម្ពស់ទឹកប្រកាសអាសន្នគឺ ១៥.២០ ម៉ែត្រ ។

សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម ។

ក្នុងករណីចាំបាច់ ឲ្យកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំជួយអន្តរាគមន៍ ២៤ម៉ោង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *