ខេត្តសៀមរាប ៖ ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃស្នងការដ្ឋានការនគរខេត្តសៀមរាប បានធ្វើការឆែកឆេរត្រួតពិនិត្យ និងដកហូតបានចំនួន១៨តោន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នោះ ពេលនេះត្រូវបានយកមកធ្វើពិធីដុតបំផ្លាញចោលហើយ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខា ធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង ស្នងការរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, អធិការនគរបាលស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីរាជការផងដែរ ។
តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា វត្ថុតាងទាំងនេះ គឺជាបទល្មើសក្នុងការក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដោយបានរំលោ.ភទៅលើសិទ្ធិបញ្ញាក្រុមហ៊ុន ដែលបានធ្វើការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ ។ ម្យ៉ាងទៀត វត្ថុតាងទាំងនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការដកហូតបានកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប រួចយកមករក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីរង់ចាំការសម្រេចពីតុលាការ ក្នុងការរៀបចំដុតបំផ្លាញចោល ហើយចំពោះបុគ្គលសង្ស័យក៏ត្រូវបានបញ្ជូនទៅសាលាដំបូងផងដែរ ។
លោកឧត្តមសេនីយ៍ទោ ក៏បានបន្តទៀតថា ប៊ីចេងក្លែងក្លាយទាំង១៨តោននេះ សមត្ថកិច្ចក្រុមប្រតិបត្តិការ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ហើយបានរកឃើញមានការរក្សាទុក សម្ភារៈវេចខ្ចប់លក់ និងចែកចាយផលិតផល ដែលជាការបង្កនូវគ្រោះថ្នាក់ មានហានីភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ដល់អ្នកប្រើប្រាស់ ។ ហើយក្រោយពេលនីតិវិធីរបស់ស្ថាប័នតុលាការបានចប់សព្វគ្រប់ហើយ ទើបគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សុំធ្វើការរៀបចំដុតបំផ្លាញចោលនៅថ្ងៃនេះតែម្តង ។
លោកក៏បានបញ្ជាក់ថា រាល់បទល្មើសទាំងអស់ ហើយគ្រប់រូប ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការបង្ក្រាបទប់ស្កាត់នូវផលិតផលក្លែងក្លាយ ដែលគ្មានស្លាកយីហោត្រឹមត្រូវ និងមិនបានចុះកម្មសិទ្ធិបញ្ញានៅក្រសួង ដែលបានធ្វើចរាចរនៅតាមទីផ្សារ ឬតាមហាង និងទីកន្លែងផ្សេងៗទៀត គឺត្រូវធ្វើការបង្ក្រាបឲ្យខាងតែបាន ។ ក្នុងនោះលោកក៏បានបញ្ជាក់ទៀតថា គ្រប់សកម្មភាពបទល្មើសទាំងអស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនៅតែធ្វើការបង្ក្រាបឲ្យដូចភ្លៀងរលឹម ហើយក៏មិនខ្លោបខ្លាចជនល្មើសទាំងនោះឡើយ ។
តាមការបញ្ជាក់របស់លោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ចំពោះករណីបុគ្គលម្ចាស់ផលិតផលក្លែងក្លាយនេះ ត្រូវបានសាលាដំបូងខេត្ត ចេញសាលក្រមដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ។
ក្នុងនោះផងដែរ តំណាងក្រុមហ៊ុន ដែលជាអ្នកដើមបណ្តឹង ក៏បានធ្វើការបកស្រាយបង្ហាញនូវសារៈសំខាន់ៗនៅលើកញ្ចប់ប៊ីចេងសញ្ញារូបវែក ដើម្បីជាចំណុចសម្គាល់ទៅលើផលិតផលក្លែងក្លាយ និងមិនក្លែងក្លាយ សម្រាប់ប្រជាពលរដ្ឋយើងគ្រប់រូបយកទៅប្រើប្រាស់គ្រប់ៗគ្នា៕