រាជធានីភ្នំពេញ ៖ ច្បាប់ស្តីពីរបបសន្តិសុខសង្គមបានកំណត់ការគ្រប់គ្រងរបបសន្តិសុសង្គមរួមមាន ៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។
ចាស់ទៅមានប្រាក់ចូលនិវត្តន៍គ្រាន់ដើរលេងដូចមនុស្សចាស់នៅតាមបណ្តាប្រទេសរីកចម្រើននានា ។ ជាការចង់បានរបស់ពលរដ្ឋទូទៅ ។ បច្ចុប្បន្នអ្នកមានប្រាក់សោធននិវត្តន៍មានតែបុគ្គលិករដ្ឋប៉ុណ្ណោះ ។
ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យដំណើរប្រាក់សោធនផ្នែកវិស័យឯកជន ចាប់ពេលនេះទៅ ដែលជាចំនុចមួយបង្ហាញថា ពលរដ្ឋខ្មែរនឹងមានប្រាក់សម្រាប់វ័យចាស់រៀងខ្លួន បើធ្វើការពីក្មេងនោះ ។
មកដល់ពេលនេះ កម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួម មានផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ។ គេនឹងប្រើប្រាស់ពេលវេលា៣ខែ ដើម្បីផ្សព្វផ្សាយពីយន្តការនេះ មុននឹងអនុវត្តជាផ្លូវការ ។
ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀតដែលជា «ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា» និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា ។
ក្រសួងបានកត់សម្គាល់ថា ជាទូទៅប្រជាជនកម្ពុជាក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំសុខភាពក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែលពួកគាត់ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់កូនចៅ ។
ទម្លាប់នេះជាកត្តាជំរុញឱ្យប្រជាជនកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា ហើយបញ្ហានេះត្រូវបានគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ។
លោក អ៊ិត សំហេង ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា នេះជាដំណាក់កាលដ៏សំខាន់ណាស់ ដែលវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដូចជា វិស័យរបបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា បានដើរមកដល់ដំណាក់កាលដ៏សំខាន់នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលច្រើនឆ្នាំកន្លងមក ដើម្បីរៀបចំប្រព័ន្ធសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា តាមរយៈការអនុវត្តនូវរបបសន្តិសុខសង្គមនេះ គេបានសង្កេតឃើញនូវទស្សនទាន ការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម ដែលទស្សនទាន២នេះ បាននាំមកនូវកិច្ចធានាបាននូវសន្តិសុខប្រាក់ចំណូលពោល គឺមានន័យថា គ្មានសមាជិកសង្គមណាម្នាក់ធ្លាក់ទៅក្នុងហានិភ័យដោយមិនអាចងើបរួចបាននោះទេ និងមានន័យម្យ៉ាងទៀតថា ជាការរួមចំណែកសម្រាលបន្ទុកសង្គមផងដែរ ។
ម្យ៉ាងវិញទៀត ការអនុវត្តរបបសន្តិសុខសង្គមក៏រួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រមុខរាជរដ្ឋាភិបាលតាមរយការកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឲ្យមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម ៕