សេដ្ឋកិច្ចអ្នកស្រាវជ្រាវ៖ មាសកំពុងចុះថ្លៃតែគប្បីកុំទាន់ទិញពេលនេះ ព្រោះនៅបន្តចុះទៀត
មានសាធារណជនជាច្រើនសួរថា បើតម្លៃមាសធ្លាក់ចុះបែបនេះ គួរទិញទុកលក់ចំណេញពេលក្រោយដែរទេ?
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានឆ្លើយនឹងសំណួរនេះថា« សម្រាប់ខ្ញុំ គិតថា មិនគួរទាន់ទិញទេ គឺមូលហេតុមាសនៅបន្តចុះថែមទៀត ដោយខ្ញុំមិនទាន់មើលឃើញមានចំណុចណាមួយ បញ្ជាក់ថា វាបញ្ចប់ការធ្លាក់ចុះថ្លៃនៅឡើយទេ»។
ហេតុផលនៃការបន្តធ្លាក់ចុះថ្លៃមាសនេះ លោក ឡុង សំណាង បានពន្យល់ទៀតថា គឺពាក់ព័ន្ធនឹងគោលនយោបាយ ដូចជាធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានដំឡើងថ្លៃអត្រាការប្រាក់ខ្ពស់ជាងមុន ដើម្បីរក្សាតម្លៃលុយរបស់ខ្លួន កាត់បន្ថយអតិផរណាដែលកំពុងកើនឡើងក្នុងប្រទេស ឬផលវិជ្ជមានមួយចំនួន ដែលធ្វើឱ្យលុយដុល្លារឡើងថ្លៃ បួករួមទាំងអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក នៅក្នុងខែមុនក៏មានស្ថានភាពល្អ ដូច្នេះជាកត្តារុញច្រានឱ្យតម្លៃមាសបន្តធ្លាក់ចុះថ្លៃបន្តិចទៀត។ លើសពីនេះទៀត ក៏អាចបណ្តាលមកពីការបញ្ចេញមាសលក់ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
អ្នកស្រាវជ្រាវ និងតាមដានទីផ្សារមាសរូបនេះ បានណែនាំថា បងប្អូនអាចរង់ចាំទិញពេលមាសធ្លាក់ចុះតម្លៃដល់ ១,៨០០ ដុល្លារ ទៅ ១,៩០០ដុល្លារ ក្នុងមួយតម្លឹង អាចនឹងទុកលក់បានចំណេញច្រើន។
ដូចគ្នានេះដែរ ម្ចាស់ហាងមាសពេជ្រ ទី មង្គល បានផ្តល់ជាទស្សនថា សម្រាប់បងប្អូនដែលចង់ចំណេញលឿនពីការជួញដូរមាស មិនគួរទិញនៅពេលនេះនោះទេ ព្រោះមាសអាចនឹងបន្តធ្លាក់ចុះថ្លៃថែមទៀត។ ផ្ទុយទៅវិញ លោកថា ប្រសិនបើអ្នកចង់វិនិយោគទិញទុកលក់ចំណេញរយៈពេលវែងពីរទៅបីឆ្នាំខាងមុខ គួរតែទិញនាពេលឥឡូវនេះបាន។
លោក ទី មង្គល បានឱ្យដឹងទៀតថា ទីផ្សារទិញលក់មាសរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពុំសូវល្អប្រសើរនោះទេ ដោយសារអ្នកខ្លះរង់ចាំមើលឱ្យចុះថ្លៃបន្តទៀត។ ភាគច្រើននៃអ្នកទិញមាសទុកចំណេញ រង់ចាំដល់តម្លៃមាសនៅថេរ លែងចុះថ្លៃទើបពួកគេចាប់ផ្តើមទិញ។
នៅក្នុងកាលៈទេសៈនេះ ហាងមាសភាគច្រើន រងផលប៉ះពាល់ខ្លះទៅលើទុនវិនិយោគ ដោយសារការលក់ចេញធ្លាក់ចុះ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។ នេះបើតាមលោក ទី មង្គល។
សូមបញ្ជាក់ថា មាស១អោន ស្មើប្រមាណ៨ជី ៣ហ៊ុន និង ១គីឡូមាស ស្មើនឹង ២៦តម្លឹង ៦ជី ៧ហ៊ុន៕