(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរាបានចេញផ្សាយ កាលពីម្សិលមិញថា ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។
នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។
បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងឋានៈជាសំណង់
ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក។
នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ។
ហើយថ្មីៗនេះប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកដែលជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ។
ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។
ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់ដូចខាងក្រោម៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា
* ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាមេរិក
* ចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ឥណ្ឌា
* ចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ឥណ្ឌូនេស៉ី
* ចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់អូស្ត្រាលី
* ចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់នេប៉ាល់
* ចំណាត់ថ្នាក់លេខ៧ បានទៅលើ Bagan Temples របស់មីយ៉ាន់ម៉ា
* ចំណាត់ថ្នាក់លេខ៨ បានទៅលើ Adam’s Peak (Sri pada) របស់ស្រីលង្កា
* ចំណាត់ថ្នាក់លេខ៩ បានទៅលើ Charles Bridge របស់ឆេក
* ចំណាត់ថ្នាក់លេខ១០ បានទៅលើ Machu Picchu របស់ពេរូ ៕