-
(ភ្នំពេញ)៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌ ឲ្យបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យអភិបាលរងខណ្ឌទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ការងារសាធារណៈការ បរិស្ថាន អនាម័យ សហការជាមួយសមត្ថកិច្ច បន្តយកចិត្តទុកដាក់ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ បរិស្ថានអនាម័យ ធ្វើយ៉ាងណាត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ឲ្យខាងតែបាន។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខណ្ឌ លោកអភិបាលខណ្ឌបានលើកឡើងថា បច្ចុប្បន្ននេះគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ សាលារៀនឯកជន មួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ១ បានយកផ្លូវសាធារណៈធ្វើជាកន្លែងចតយានយន្តបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍។ ផ្តើមចេញពីទង្វើធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នេះហើយ សូមលោកអភិបាលរងខណ្ឌទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ត្រូវអញ្ជើញប្រធានធនាគារ និងនាយកសាលា មកធ្វើការណែនាំ និងធ្វើកិច្ចសន្យាសំដៅធ្វើយ៉ាងណាឲ្យអតិថិជនឈប់ចតយានយន្តមានសណ្តាប់ធ្នាប់ កុំឲ្យមានការស្ទះចរាចរ ព្រោះធនាគារ និងសាលារៀនឯកជនទាំងអស់មានសន្តិសុខឯកជនរួចស្រេចទៅហើយ។
លោកអភិបាលខណ្ឌបានបន្តថា កន្លងមកអាជ្ញាធរខណ្ឌបានធ្វើការណែនាំម្តងជាពីរដងរួចមកហើយ តែហាក់ដូចជាគ្មានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅបើអតិថិជនណានៅតែឈប់ចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ បង្កឲ្យស្ទះចរាចរណ៍ ត្រូវយកខ្នោះមកចាក់កង់រថយន្ត ហើយស្ទូចយកមកខណ្ឌដើម្បីជាការព្រមាន។ មួយផ្នែកទៀតត្រូវចូលរួមទប់ស្កាត់អ្នករកស៉ី រថយន្ត ដឹកដី ដឹកខ្សាច់ ដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវនានា ជាពិសេសអ្នករត់ចាប់ម៉ូយប្រសេចប្រសាចដាក់រថយន្តតាក់ស៉ី ដោយរិតបណ្តឹងឲ្យបានខ្លាំងបំផុត ដែលនេះជាសកម្មភាពបែបអនាធិបតេយ្យនៅលើដងផ្លូវ និងចាប់រថយន្តតាក់ស៉ីណាដែលឈប់ចតនៅតាមផ្លូវ ដើម្បីដឹកអ្នកដំណើរ។
លោកបន្តថា ចំពោះការងារបម្រើសេវាសាធារណៈគ្រប់មូលដ្ឋានសង្កាត់ទាំងអស់ រួមទាំងការិយាល័យច្រកចេញ ចូលតែមួយ ត្រូវតែបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដោយមិនគិតពីផលប្រយោជន៍ឡើយ ត្រូវទទួលយកសេវាតម្លៃតាមដែលបានកំណត់នៅក្នុងតារាតម្លៃស្រាប់។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានថ្លែងកោតសរសើរថា រាល់បញ្ហាបទល្មើស និង បញ្ហាអវិជ្ជមាននានា ដែលតែងតែកើតមាននាពេលកន្លងមក គឺមានការថយចុះជាបន្តបន្ទាប់។ មូលហេតុនៃការថយចុះបទល្មើសនេះ គឺដោយសារប្រជាពលរដ្ឋបានសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុសិ៍តរដ្ឋបាល តាមរយៈការរាយការណ៍បានទាន់ពេលវេលា នូវរាល់ហេតុការណ៍នានា ដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងរស់នៅ។
ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព លោកអភិបាលខណ្ឌបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ និងនគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ នៅពេលមានហេតុការបទល្មើសកើតឡើងចំពោះគ្រួសារ និង អ្នកជិតខាង ដើម្បីសមត្ថកិច្ចបង្ក្រាបឲ្យបានទាន់ពេល។ លោកដាស់តឿនថា ការដាក់កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានាជាប្រចាំ ក៏ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពី សំណាក់ជនអាក្រក់មួយចំនួន។
ក្នុងថ្ងៃដដែលនេះដែរក្រុមប្រឹក្សាខណ្ឌច្បារអំពៅបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ក្រោមអធិបតីភាព លោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពីអភិបាលរងខណ្ឌ លោក អ៊ាង ស៉ីផាន និងលោក សេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោកអធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ , លោកនាយក នាយករងរដ្ឋបាលខណ្ឌ កងកំលាំង ការិយាល័យ១០ និងអង្គភាព១ លោកចៅសង្កាត់ទាំង៨ សរុបចំនួន ៥៤នាក់ ។
របៀបវារៈនៃអង្គប្រជុំមានចំនួន៧ រួមមាន៖
១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ។
២៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ។
៣៖ ពិនិត្យនិងអនុមត័លើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផល នៃការអនុវត្តន៍ការងារ របស់រដ្ឋបាលខណ្ឌ ច្បារអំពៅ ប្រចាំខែមករា ។
៤៖ ពិនិត្យនិងអនុមត័លើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ។
៥៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធី៣ឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ។
៦៖ ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាពនិងផែនការថវិការប្រចាំឆ្នាំ២០២១របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ ។
៧៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌសម្រាប់ខែមករា ឆ្នាំ២០២១៕