ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូគេយកទៅលក់នៅឃ្លាំងរំសេវ

 ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មម្នាក់បានលួចម៉ូតូសិស្សសាលាម្នាក់ដែលទុកនៅខាងក្រោមផ្ទះ យកទៅលក់នៅផ្សារឃ្លាំងរំសេវ  លុះ៨ថ្ងៃក្រោយមកត្រូវបានសមត្ថកិច្ចក្របួចជាប់។ ករណីឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១០និង០០នាទីព្រឹក ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

     មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភាព ស្រីម៉ិជ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ ឃុំកើតហេតុ ។ចំណែកជនសង្ស័យឈ្មោះ រស់ បញ្ញា ហៅចយ ភេទប្រុស អាយ១៨ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ។ ដោយឡែកសម្ភារបាត់បង់មានម៉ូតូ ០១គ្រឿងម៉ាក Honda Scoopy-i ពណ៌ ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្ដាល 1AC-7044។

     ប្រភព​ដដែលបន្តថា  កាលពីថ្ងៃទី ១០ខែឧសភាឆ្នាំ២០២២ វេលាម៉ោង៩យប់ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាក Honda Scoopy-i ពណ៌ ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្ដាល 1AC-7044 ត្រឡប់ពីសាលារៀននៅរាជធានីភ្នំពេញមកផ្ទះ ហើយទុកម៉ូតូនៅក្រោមផ្ទះតែមិនបានចាក់សោ.កម៉ូតូទេ ប៉ុន្តែបានដកកូនសោចេញពីម៉ូតូ ឯទ្វារដែកនៅក្រោមផ្ទះក៏មិនបានចាក់សោដែរ តែសោទ្វាររបងផ្ទះខាងមុខបានចាក់សោម៉ាក Solix ពីខាងក្នុងរបង រួចជនរងគ្រោះក៏ឡើងទៅដេកនៅបន្ទប់លើផ្ទះ ។ លុះដល់ថ្ងៃទី១១ ថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១៣និង០០នាទី ជនរងគ្រោះបានចុះមកក្រោមផ្ទះ ស្រាប់តែបាត់មិនឃើញម៉ូតូខ្លួន ឯសោទ្វាររបងផ្ទះខាងមុខខូចរបូតជ្រុះមកដី។ បន្ទាប់មកជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែកអំពិល ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានចុះស្រាវជ្រាវ កសាងសំណុំរឿង ហើយកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ រស់ បញ្ញា ហៅ ចយ ។ រហូតមកដល់ថ្ងៃទី១៩ខែឆ្នាំដដែល វេលាម៉ោង១០ សមត្ថកិច្ចចុះល្បាតក៏ប្រទះឃើញជនសង្ស័យកំពុងនៅក្នុងវត្តព្រែកអំពិលក៏ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។  

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ឯម៉ូតូខ្លួនយកទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅម្តុំឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់៤០០ដុល្លារ យកប្រាក់ទិញគ្រឿងញៀនប្រើប្រាស់ និងស៊ីចាយអស់ ។ 

    ករណីនេះសមត្ថកិច្ចប៉ុស្តិ៍បានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *