នារសៀលថ្ងៃទី៥ ខែឧសភា ២០២២នេះ មាន ៣ស្ថាប័នផ្សេងៗគ្នា បានបរិច្ចាគថវិកាតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត នៅក្នុងប្រទេសកម្ពុជា។ ដែលពិធីនេះធ្វើឡើងនៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្រុមទី១ ដែលបានអញ្ជើញបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា គឺដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសហការី បានឧត្ថមថវិកាមួយចំនួន ក្រុមទី២ ធនាគារកម្ពុជាសាធារណៈ ឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ និងក្រុមទី៣ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យន័រតុន បានឧបត្ថម្ភថវិកាចំនួន៣ពាន់ដុល្លារ ។
ក្នុងឱកាសជួបសវនាការនោះសប្បុរជនទាំង ៣ក្រុម ពិតជាក្តីសប្បាយរីករាយ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តព្រទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ដែលផ្តល់ឱកាសឱ្យក្រុមការងារ បានចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់ក្នុងឱកាសទិវា៨ឧសភា២០២២នេះ។ ទុកសម្រាប់ជាជំនួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតដែលត្រូវការឱ្យជួយ។
លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំង៣ក្រុមខាងលើ ដែលបានចូលរួមបរិចា្ចគថវិកា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២នេះ។ សម្រាប់កាកបាទក្រហមកម្ពុជា បានបន្តសកម្មភាពមនុស្សធម៌ទៅមុខទៀត។
លោកជំទាវអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្រាប់ការកៀងគររកជំនួយឧបត្ថមទិវា៨ឧសភាឆ្នាំនេះ ហាក់មានសន្ទុះខ្លាំងជាងរាល់ឆ្នាំ បីទោះជាស្ថិតក្នុងវិបត្តកូវីដ-១៩ក៏ដោយ រឺឯចំនួនវិញក៏មានការកើនឡើងផងដែរ។ លោកជំទាវបានបញ្ជាក់ថា ការដែលមានសន្ទុះកើនឡើងនេះ គឺមកពីប្រជាពលរដ្ឋមានការយល់ដឹងច្រើន អំពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមក្រហមកម្ពុជា ក្នុងចែករំលែកធនធានផ្ទាល់ខ្លួន ទោះបីតិចក្តី ច្រើនក្តី នេះគឺជាទឹកចិត្តដ៏ល្អមួយ របស់ប្រជាពលរដ្ឋខ្មែរយើង ក្នុងសម័យសុខសន្តិភាពនេះ។
លោកជំទាវបន្តថាជំនួយដែលបានមកពីសប្បុរសធម៌ទាំងនេះ គឺបាកបាទក្រហមកម្ពុជា បានយកទៅធ្វើជា អណ្តូងទឹក បន្ទប់ទឹក ស្ថានីយលាងដៃនៅតាមសាលារៀនទីជនបទ ធ្វើផ្ទះជូនអតីតយុទ្ឋជន ឧត្ថមទៅតាមមន្ទីពេទ្យ តាមអង្កការកុមាកំព្រា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងគ្រោះធម្មជាតិផ្សេងៗទៀត។ ជាក់ស្តែងដូចជានៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺក្រុមកាងារកាកបាទក្រហមកម្ពុជា បានបន្តយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅតាមទីជនបទដាច់ស្រយ៉ាលឆ្ងាយៗ ដែលកំពុងតែត្រូវការជំនួយជាចាំបាច់៕