ខេត្តតាកែវ៖ក្រុមអាជីវករដែលបានចំណាយលុយទិញតូបផ្សារណាត់ខេត្តតាកែវដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនមួយរបស់លោក ឡោ ជំនិត កំពុងសម្តែងការមិនពេញចិត្ត ក្រោយពីក្រុមហ៊ុនមួយនេះមិនបានធ្វើតាមកិច្ចសន្យាដែលនឹងអនុញ្ញាតឱ្យពួកគាត់បានចូលទៅលក់ដូរនៅក្នុងផ្សារណាត់ផ្នែកខាងក្រោម ដោយគេបានព្យាករថា នឹងសាងសង់រួចនៅអំឡុងខែមេសា ឆ្នាំ២០២២នេះ។
ការសាងសង់មិនទាន់បានរួចរាល់តាមកិច្ចសន្យានេះ គេមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ តែបើតាមប្រភពខ្លះនិយាយថាប្រហែលជាក្រុមហ៊ុននោះអស់លុយទើបបានមួយរយៈនេះខាងក្រុមហ៊ុននាំគ្នាមកវាស់ផ្លូវសាធារណៈដែលនៅជុំវិញផ្សារជួលឱ្យអាជីវករជាអ្នកលក់តូចតាច កញ្ច្រែងល្អីក្នុងប្រវែងផ្លូវ១ម៉ែត្រកន្លះតម្លៃ១៥០ដុល្លារ។
បើតាមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលលក់ដូរបន្តិចបន្តួច និងខ្លះទៀតដាក់លក់ក្នុងកញ្ច្រែងល្អីនៅតាមផ្លូវជុំវិញផ្សារណាត់នេះបានសម្តែងការមិនពេញចិត្តហើយនិយាយថាទង្វើនេះគឺមិនសមហេតុផលព្រោះថាផ្លូវនៅជុំវិញផ្សារនោះមិនមែនជាដីត្រូវវិនិយោគនោះទេពីព្រោះវាជាផ្លូវសាធារណៈចុះហេតុអ្វីបានជាអ្នកវិនិយោគផ្សារណាត់មកវាស់ដីផ្លូវដែលជារបស់រដ្ឋនេះយកលុយពីអាជីវករទៅវិញ។
បើយោងតាមកំណត់ហេតុនិងលិខិតរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់យ៉ាងច្បាស់ថាក្រសួងពាណិជ្ជកម្មបានសម្រេចជួលទីតាំងអគារផ្សារណាត់របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវដែលមានទំហំ១.៥៨៧ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជូនទៅលោកស្រី ប្រាក់ចាន់រដ្ឋា ដើម្បីវិនិយោគសាងសង់ជាផ្សាររយៈពេល១៥ឆ្នាំនិងអនុគ្រោះបន្ថែមរយៈពេល១ឆ្នាំសម្រាប់ការសាងសង់ ដូចនេះ រយៈពេលជួលសរុបគឺ១៦ឆ្នាំ។
តាមរយៈលិខិតនេះបានបញ្ជាក់យ៉ាងច្បាស់ថាក្រសួងបានជួលនិងអនុញ្ញាតឱ្យវិនិយោគត្រឹមដីទីតាំងអគារផ្សារណាត់ប៉ុណ្ណោះ ចុះហេតុអ្វីបានជាអ្នកវិនិយោគមកវាស់ដីផ្លូវយកលុយពីអ្នកលក់ដូរថែមទៀត ហើយម្យ៉ាងបើយោងតាមកំណត់ហេតុដដែលការទារថ្លៃភាស៊ីឬក៏ថ្លៃជួលតូបគឺគេគិតនៅពេលផ្សារសាងសង់រួច តែហេតុអ្វីផ្សារកំពុងសាងសង់មិនទាន់រួចផង អ្នកវិនិយោគបែរជាមកយកលុយពីអ្នកលក់ដូរ?
យ៉ាងណាក៏ដោយលោកឡោជំនិតតំណាងអ្នកវិនិយោគផ្សារណាត់តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានលើកឡើងថាតាមពិតទៅក្រុមអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវនិងរូបលោកក្នុងនាមអ្នកវិនិយោគបានសហការគ្នារៀបចំកន្លែងលក់ដូរឱ្យបានល្អត្រឹមត្រូវប្រកបដោយបរិស្ថានអនាម័យស្អាតល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយពោលគឺមិនឱ្យរញ៉ែរញ៉ៃឬកកស្ទះចរាចរណ៍ហើយពួកគាត់មិនលក់ផ្ទាល់ដីតាមចិញ្ចើមថ្នល់ដូចមុននោះឡើយ ដោយលោករៀបចំធ្វើគ្រែចល័ត និងកៅអីអង្គុយសមរម្យ ។
លោកឡោ ជំនិត បន្តថា ការយកប្រាក់នោះ គឺជាប្រាក់បដិភាគ ហើយបង់ដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំឡើយ៕