ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ជនជាតិចិន២នាក់ត្រូវបានហាជិវិត ពីបទ ផលិត​គ្រឿងញៀ.នជាង ១១​គីឡូក្រាម

វៀតណាម ៖ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម VnExpressចេញផ្សាយថា តុលាការខេត្ត Kon Tum នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១៦ មេ​សា ២០២២ បាន​កាត់ទោស​ប្រហារជីវិត បុរស​ជនជាតិ​ចិន ២​នាក់ និង​ចិន​ម្នាក់​ទៀត ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ផលិត​មេ​តំ​ហ្វេ​តា​មីន​ជាង​១១​គីឡូក្រាម រួម​ជាមួយ​បក្ខពួក ៥​នាក់​ទៀត កាលពី​៣​ឆ្នាំ​មុន ។

បន្ទាប់​ពី​ការ​កាត់ក្តី​រយៈពេល​ប្រាំ​ថ្ងៃ តុលាការ​នៃ​ខេត្ត Kon Tum កំណត់​ថា ជនសង្ស័យ​ឈ្មោះ Cao Zi Li និង​ឈ្មោះ Jian Huang ទាំង​ពីរ​នាក់ អាយុ​៥៩​ឆ្នាំ​ដូច​គ្នា ជា​មេខ្លោង​ក្នុង​ការ “​ផលិត​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​” ។

អ្នកសមគំនិត​ជនជាតិ​ចិន​ម្នាក់​ទៀត មានឈ្មោះ​ថា Yang Yuan De អាយុ​៥៨​ឆ្នាំ ត្រូវ​តុលាការ​កាត់ទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​ដែល​បក្ខពួក ៥​នាក់​ទៀត រួម​ទាំង​ជនជាតិ​វៀតណាម​ម្នាក់​ផង ត្រូវ​បាន​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ៣៤​ខែ ទៅ ២០​ឆ្នាំ ក្រោម​បទល្មើស​ដូច​គ្នា ។

យោង​តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​វៀតណាម រក​ឃើញ​ថា មេខ្លោង​ឈ្មោះ Cao Zi Li ធ្លាប់​តុលាការ​ប្រទេស​ចិន កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត ពី​បទ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ក្នុង​ឆ្នាំ​២០០២ ។ នៅ​ខែតុលា ឆ្នាំ​២០១៧ អ្នកទោស​រូប​នេះ ត្រូវ​បាន​លើកលែងទោស និង​ដោះ​លែង​ចេញពី​ពន្ធនាគារ ។

ក្រោយ​រួច​ពី​ពន្ធនាគារ​វិញ មេខ្លោង​រូប​នេះ បាន​ទាក់ទង​ជនជាតិ​ចិន ឲ្យ​ជួយ​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​បើក​រោងចក្រ ។

ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៩​មក មេខ្លោង Li និង​ជនជាតិ​ចិន​មួយ​ក្រុម បាន​ជួល​រោងចក្រ​ចំនួន ០២​កន្លែង ។ មួយ​កន្លែង​នៅ​ស្រុក Dak Ha ក្នុង​ខេត្ត Kon Tum និង​មួយ​កន្លែង​ទៀត នៅ​កណ្តាល​ទីក្រុង Quy Nhon ដើម្បី​ផលិត​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ក្រោម​រូបភាព​នៃ “​មន្ទីរពិសោធន៍​ផលិត​ថ្នាំ​សម្លាប់​សត្វល្អិត​កសិកម្ម​” ។

នៅ​ខែសីហា ឆ្នាំ​២០១៩​ដដែល នគរបាល​វៀតណាម​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​អ្នកស្រុក បាន​ឆ្មក់​ចូល​រោងចក្រ​នៅ​ស្រុក Dak Ha មេខ្លោង Li និង​បក្ខពួក​របស់​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ និង​រឹបអូស​បាន​ថ្នាំ​ញៀន​ជាង ១១​គីឡូក្រាម និង​ថ្នាំ​ញៀន​ប្រភេទ P2P ចំនួន ១.០៥៥​លី​ត្រ ព្រមទាំង​គ្រឿងចក្រ​សម្រាប់​ផលិត​ថ្នាំ​ញៀន រួម​នឹង​ឯកសារ​ពាក់ព័ន្ធ​ផង​ដែរ ។

ក្នុង​សវនាការ ជនជាប់ចោទ​ជា​មេខ្លោង និង​ជនជាប់ចោទ​មួយ​ចំនួន​ទៀត បាន​បដិសេធ​ថា មិន​មាន​កំហុស​ទេ ដោយ​លើក​ហេតុផល​ថា ពួក​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ផលិត​ថ្នាំ​សម្លាប់​សត្វល្អិត​សម្រាប់​កសិកម្ម ។

យ៉ាងណា​ក៏​ដោយ តុលាការ បាន​ច្រាន​ចោលការ​លើក​ឡើង​របស់​ពួក​គេ ហើយ​បង្ហាញ​ថា ភស្តុ​តាង​ដែល​ប្រមូល​បាន និង​សាក្សី គឺ​គ្រប់គ្រាន់ ដើម្បី​កាត់ទោស​ពួក​គេ តាម​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម ។

អ្នក​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​កាន់កាប់ ឬ​រត់ពន្ធ​ហេ​រ៉ូ​អ៊ី​ន​លើស​ពី ៦០០​ក្រាម ឬ​មេ​តំ​ហ្វេ​តា​មីន លើស​ពី ២,៥​គីឡូក្រាម ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ប្រហារជីវិត នៅ​ប្រទេស​វៀតណាម ។ ការ​ផលិត ឬ​លក់ ហេ​រ៉ូ​អ៊ី​ន ១០០​ក្រាម ឬ ៣០០​ក្រាម នៃ​គ្រឿងញៀន​ខុសច្បាប់​ផ្សេង​ទៀត ក៏​ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​ដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *