ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តបានដឹកនាំក្រុមការងារ ថ្នាក់ដឹកនាំខេត្តចម្រុះចុះត្រួតពិនិត្យផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបដែលបានស្ថាបនារួចរាល់

ខេត្តសៀមរាប ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសាងសង់និងរៀបចំប្រព័ន្ធលូ បំពាក់ភ្លើងបំភ្លឺ ដាក់កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍រួចរាល់១០០%ហើយនោះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យផ្លូវទាំង៣៨ខ្សែដែលបានបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍។

លោកអភិបាលខេត្តបានមានប្រសាសន៍ថាក្រោយពីសាងសង់ផ្លូវហើយរួចរាល់ក្រុមការងារបានសម្អាតបរិស្ថានរៀបចំតុបតែងកែលម្អបន្ថែមទៀតដើម្បីលើកកម្ពស់សោភណភាពទីក្រុងឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងហើយឆ្នាំនេះខេត្តសៀមរាបនឹងរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើពីរទីតាំង គឺ

ទី១- នៅក្នុងក្រុងសៀមរាប

ទី២នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធីពិព័រណ៍ម្ហូបអាហារផ្សារបណ្តែតទឹកតន្រ្តីស្គរដៃការសម្តែងសិល្បៈនៅលើផែទឹកនិងការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែងដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២១៦ខែមេសាឆ្នាំ២០២២ខាងមុខនេះ។

លោកបានបន្តថា ផ្លូវទាំងនេះជាសរសៃឈាមដ៏រស់រវេីកក្នុងការបង្កេីនសេដ្ឋកិច្ចជាតិ​ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារបានមួយចំណែកទៀតផងដែរ។ ទន្ទឹមនឹងនេះលោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣៨ខ្សែ ក៏ដូចជាសាធារណជនទាំងអស់សូមចូលរួមថែរក្សាអនាម័យបរិស្ថាន សោភណភាព ពិសេសសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណត ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ហើយអាចនឹងធ្វើឱ្យមានការខូចខាតដល់សំណង់ដែលរៀបចំរួចរាល់ផងដែរ។

ក្នុងនាមប្រជាពលរដ្ឋលោកអភិបាលខេត្តសូមពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ផ្លូវ ៣៨ខ្សែ ប្រវែង១០៦,៤២៤គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ហើយផ្លូវនេះត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *