ភ្នំពេញ៖ក្បាលរថយន្តកុងតឺន័រមួយគ្រឿងពេលតៃកុងបើកបរលឿនហើយប្រឹងវ៉ាជែងគេចពីរថយន្តនៅខាងមុខក៏បួងចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លវមួយដើមបាក់រាបដល់ដី ចំណែករថយន្តដាំក្បាលចូលទៅត្រាំទឹកស្អុយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រដោយមានតែក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D-0883 បើកតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿនវ៉ាជែងរថយន្តនៅខាងមុខ តែជួបឧបសគ្គរថយន្តមួយគ្រឿងទៀតក៏បួងចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ចំណែករថយន្តបង្កបានធ្លាក់ចូលប្រឡាយទឹកស្អុយ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីមកយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕