បន្ទាប់ពីសង្កេតឃើញម្ចាស់រថយន្តមួយចំនួននៅតែគឃ្លើនដឹកលើសទម្ងន់កំណត់ដោយមិនអាសូរផ្លូវនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិធានការក្តៅចំពោះរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី២០ភាគរយឡើង ដោយឃាត់រថយន្តទុកមួយឆ្នាំ គ្មានការលើកលែងនោះឡើយ។
យោងតាមសេចក្តីជូនព័ត៌មាន ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ទោះបីជាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ជាពិសេសសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ ក៏នៅតែសង្កេតឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូច នៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ។