ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំង គណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេសខេត្តបាត់ដំបង ដែលដឹកនាំដោយលោក សូ ប៊ុណ្ណារ៉ុង អនុប្រធានមន្ទីរសាធារណការនិងជញ្ជូនខេត្ត ដោយមានការចូលរួមពីលោក អុឹម អង្សា អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត លោក ម៉ី សារឹម ប្រធានមន្ទីរសម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថខេត្ត និងក្រុមការងារ បានចុះត្រួតពិនិត្យជាក់ស្តែងទីតាំងប្រកបអាជីវកម្មកែច្នៃប្តូរចង្កូតរថយន្តនៅក្នុងយានដ្ឋានចំនួន០២ទីតាំងក្នុងក្រុងបាត់ដំបងកម្លាំងគណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេសខេត្តបាត់ដំបងបានចុះធ្វើកិច្ចសន្យាផ្អាកអាជីវកម្មយានដ្ឋានកែច្នៃរថយន្តខុសបច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង។
នេះបើយោងតាមការណែនាំថ្នាក់ដឹកនាំខេត្តបាត់ដំបង, ការណែនាំរបស់លោក លូ ពិសី អគ្គនាយករងនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការនិងដឹកជញ្ជូន, ការណែនាំរបស់លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ។
លោក សូ ប៉ុណ្ណារុង អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានអោយដឹងថា ទីតាំងប្រកបអាជីវកម្មកែច្នៃប្តូរចង្កូតរថយន្តទាំងពីរទីតាំងខាងលើមាន យានដ្ឋានជាងទូច ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានម្ចាស់យានដ្ឋានឈ្មោះ យ៉ង់ ហុកលាន ,និងយានដ្ឋាន ចនសំណាង ហៅ(ហ៊ីង)ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកបន្តថា ក្រោយពីពិនិត្យឃើញថាយានដ្ឋានខាងលើកំពុងលួចលាក់ប្រកបអាជីវកម្មកែច្នៃប្តូរចង្កូតរថយន្តដោយគ្មានច្បាប់ ក្រុមការងារបានអប់រំណែនាំនិងបញ្ឈប់ការប្រកបអាជីវកម្មកែច្នៃចង្កូតដោយគ្មានច្បាប់អនុញ្ញាតបន្តទៀត ដោយតម្រូវអោយម្ចាស់អាជីវកម្មសុំច្បាប់ធ្វើអាជីវកម្មស្របតាមច្បាប់កំណត់។
ជាមួយគ្នានេះដែរម្ចាស់អាជីវកម្មទាំងពីរទីតាំងខាងលើក៏បានសន្យាចំពោះមុខក្រុមការងារចម្រុះមិនបន្តអាជីវកម្មកែចង្កូតរថយន្តគ្មានច្បាប់អនុញ្ញាតឡើយ ហើយបើនៅបន្តអាជីវកម្មនិងសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននិងសូមផ្តិតមេដៃខាងស្តាំជាភស្តុតាងផងដែរ។