កណ្ដាល: ទំនិញដែលត្រូវដកហូតបានទាំងនោះ ត្រូវបានមន្ត្រីក.ប.ប. ធ្វើការកម្ទេចចោលនៅទីលានបាល់ទាត់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១
បើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា កន្លងទៅនេះ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទៅលើអនុលោមភាពទៅលើគុណភាព និងសម្បកវេចខ្ចប់ទំនិញ យ៉ាងសកម្មនៅលើទីផ្សារនៅទូទាំងប្រទេស ។
ការចុះត្រួតពិនិត្យនេះ គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញដែលមាន សម្បកវេចខ្ចប់មិនត្រឹមត្រូវ ។ ជាក់ស្ដែង កន្លងទៅនេះ មន្ត្រីក.ប.ប. ប្រចាំខេត្តកណ្ដាល បានរកឃើញ និងដកហូតទំនិញ ខូចគុណភាព ផលិតបានសរុបចំនួន ៣តោន ពីទីផ្សារ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល ។
ដោយមានការឯកភាព ពីព្រះរាជអាជ្ញាអមសាលាដំបូងខេ ត្តកណ្ដាល ព្រមទាំងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ ៕
ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការអំពាវនាវដល់អាជីវករត្រូវយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕