(តៃប៉ិ)៖ សហរដ្ឋអាមេរិកបានអនុម័ត ការលក់គ្រឿងបន្លាស់សម្រាប់នាវាចម្បាំង ទៅឲ្យកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់១២០លានដុល្លារ ដើម្បីជួយតៃវ៉ាន់ក្នុងការថែទាំនាវាចម្បាំងរបស់ខ្លួន ដែលក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា នឹងជួយធានាបាននូវការត្រៀមខ្លួនប្រយុទ្ធ ចំពោះមុខការបង្កើនសកម្មភាពកាន់តែញឹកញាប់ឡើងៗរបស់ចិន នៅក្បែរដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានដាក់សំណើទៅកាន់សភាជាតិ បន្ទាប់ពីទទួលបានការយល់ព្រមពីក្រសួងការបរទេស សម្រាប់ការលក់ ដែលស្នើឡើងដោយស្ថានទូតក្រៅផ្លូវការរបស់តៃវ៉ាន់ ប្រចាំទីក្រុងវ៉ាស៉ីនតោន។
យោងតាមសេចក្តីថ្លែងការណ៍ខាងលើ គម្រោងនេះ គ្របដណ្តប់លើការលក់គ្រឿងបន្លាស់ និងគ្រឿងជួសជុល សម្រាប់នាវា និងប្រព័ន្ធរបស់នាវា ព្រមទាំងជំនួយផ្នែកបច្ចេកទេសភស្តុភារ និងការគាំទ្រផ្នែកបច្ចេកទេសនិងភស្តុភារ ពីរដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅការរបស់សហរដ្ឋអាមេរិក។ រីឯក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា នឹងចូលជាធរមានក្នុងរយៈពេលមួយខែ ហើយបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការជួយតៃវ៉ាន់ឱ្យមានលទ្ធភាពការពារខ្លួន។
គួរបញ្ជាក់ថា នាវាចម្បាំងសំខាន់ៗរបស់តៃវ៉ាន់ ភាគច្រើនផលិត ឬរចនាឡើង ដោយសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន ទោះមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ គឺជាខ្នងបង្អែកធំបំផុតរបស់ដែនកោះនេះ ហើយមានកាតព្វកិច្ចនៅក្រោមច្បាប់របស់ខ្លួន ដើម្បីផ្តល់ឱ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន៕