ខេត្តកណ្ដាល៖ យោងតាមសេចក្ដីប្រកាសរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរ តាមរថយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវលេខ៧០អា ស្ថិតនៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលទាំងអស់ឲ្យបានជ្រាបថា៖ ច្រាំងទន្លេមេគង្គនៅតាមបណ្ដាយផ្លូវលេខ៧០អា ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានបាក់ចូលដល់ទ្រូងផ្លូវមានសភាពធ្ងន់ធ្ងរ ដែលមិនអាចអោយរថយន្តធ្វើចរាចរឆ្លងកាត់បាន។ ហេតុនេះមន្ទីរសាធារណការ សូមធ្វើការបិទចរាចររថយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវលេខ ៧០អា នៅក្នុងចន្លោះភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជួសជុលស្ថាបនាច្រាំងទន្លេ និងកំណាត់ផ្លូវនេះឡើងវិញ ដើម្បីធានាដល់ការធ្វើចរាចរប្រកបដោយសុខសុវត្ថិភាព ។
គួរំលឹកថាកាលរសៀលថ្ងៃទី២៣ វិច្ឆិកា ឯកឧត្តម គង់ សោភ័ណ្ឌ រួមជាមួយលោក តាំង ម៉េងលាន អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលស្រុកមុខកំពូល ចុះពិនិត្យស្ថានភាព នៃការបាក់ច្រាំងទន្លេ ដោយសារចរន្តលំហូរទឹក ដែលបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក បាននិងកំពុងពិនិត្យ ពិភាក្សា រកដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរ នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្តាល អំពាវនាវ ដល់ពុកម៉ែបងប្អូនទាំងអស់ ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ។នាថ្ងៃដដែលនេះដែរ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះទៅពិនិត្យមើលទីតាំងច្រាំងទន្លេដែលបានបាក់ដល់ផ្លូវកៅស៊ូ ឃើញថា បាក់ប្រវែង ៣០ម៉ែត្រ នៅក្បែរកន្លែងចាស់ ដែលបាក់ស្រុតកាលពីក្នុងខែកក្កដា កាលពេលនោះ គ្រាន់តែបានធ្វើការទប់ ដោយចាក់ខ្សាច់បំពេញជើងក្រោម បណ្តោះអាសន្ន ។
មន្ត្រីជំនាញ បានបញ្ជាក់ថា កន្លែងបាក់ថ្មីប៉ះដល់ផ្លូវកៅស៊ូនេះ ក្រុមការងារ ចុះធ្វើការទប់ស្កាត់ជាបន្ទាន់ ដោយបាន ចាប់ផ្តើមចាក់ខ្សាច់បំពេញជើងក្រោមមុននឹងបូមខ្សាច់ច្រកបាវ រៀបឡើងលើ ដើម្បីសម្រួលការធ្វើចរាចរជាបណ្តោះអាសន្នសិន ។ ច្រាំងទន្លេ ដែលបានបាក់ទាំងពីរកន្លែងនេះ នឹងត្រូវធ្វើការស្តារឡើងវិញនៅក្នុងរដូវប្រាំងនេះ ដោយប្រើប្រអប់ថ្ម (ថ្មខ្ចប់ដោយសំណាញ់ ដែកមួយម៉ែត្របួនជ្រុង) ដើម្បីបញ្ឈប់ការបាក់ច្រាំងរាលដាលមកដល់ផ្លូវកៅស៊ូ ដែលជាផ្លូវ សម្រាប់ការធ្វើចរាចរ ពីរការកោង ឆ្ពោះទៅក្រុងកំពង់ចាម ៕