ខេត្តព្រៃវែង ៖ ប្រភពពីប្រជាពលរដ្ធថា ការកកស្ទះបែបនេះ គឺកើតមានជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដែលស្ទះខ្លាំងដូចថ្ងៃនេះទេ ទើបតែថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺកកស្ទះតាំងពីកណ្តាលយប់ថ្ងៃទី១០ បន្តរហូតដល់ម៉ោង១០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកានេះ នៅតែមិនទាន់បាត់ស្ទះ ហើយក៏មិនដឹងថា នឹងបន្តស្ទះដល់ពេលណាដែរ។
ការកកស្ទះនេះ ត្រូវបានប្រជាពលរដ្ឋប្រាប់អោយដឹងថា គឺដោយសារតែផ្លូវលេខ៣១០
និងផ្លូវវាងជាប់របងបន្ទាយ A3ខូចធ្ងន់ធ្ងរពេក ហើយពេលរថយន្តដឹកថ្មដឹកស្រូវធំៗ ប្រភេទវ៉េអង យីឌុប បើកឆ្លងកាត់បានធ្វើអោយរថយន្តទាំងនោះជាប់ផុងរើខ្លួនមិនរួច ទើបធ្វើអោយរថយន្តតូច-ធំដែលនៅពីក្រោយ ត្រូវជាប់គាំងស្ទះទៅណាមិនរួចបែបនេះ។
ក្រុមឈ្មួញទាំងនោះបានបញ្ជាក់ថា ផ្លូវទៅច្រកកោះរកានោះ មិនពិបាកទេ ព្រោះគេធ្វើផ្លូវក្រាលកៅស៊ូរួចហើយ គឺពិបាកតែនៅក្នុងទីប្រជុំជនអ្នកលឿងនេះបន្តិបប៉ុណ្ណោះ ព្រោះនៅផ្លូវដី ហើយគាប់ជួនប៉ុន្មានថ្ងៃមកនេះ ភ្លៀងធ្លាក់រាល់ថ្ងៃផង ក៏ធ្វើអោយផ្លូវសើមជ្រាយ ហើយខណៈពេលឡានស្រូវដឹកធ្ងន់បើកឆ្លងកាត់ក៏ផុងជាប់គាំង និងស្ទះបន្តកន្ទុយគ្នាបែបនេះទៅ។
ទាំងក្រុមម្ចាស់រថយន្តដឹកស្រូវដែលជាប់ផុង ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗទៀតនៅក្នុងតំបន់អ្នកលឿងនេះ បានសំណូមពរដល់មន្ទីរជំនាញសាធារណការខេត្ត មេត្តាជួយជួសជុលផ្លូវនេះឡើងវិញផង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំអោយមានការកកស្ទះបែបនេះទៀត ពិបាកខ្លាំងណាស់ ខាតទាំងពេលវេលា ខាតទាំងប្រេងសាំង។
ដោយឡែកខាងអាជ្ញាធរវិញ ក៏បានអោយដឹងថា ផ្លូវនេះពីមុនមិនសូវខូចខាតប៉ុន្មានទេ ប៉ុន្តែចាប់តាំងពីមានឡានស្រូវដឹកទៅច្រកកោះរកា ១ថ្ងៃៗរាប់រយគ្រឿង និងឡានត្រីដឹកពីវៀតណាមតាមច្រកកោះរកា ចូលមក១ថ្ងៃៗពី៥០ទៅ៦០គ្រឿងទៀតនោះ ក៏បានធ្វើអោយផ្លូវនេះខូចកាន់តែធ្ងន់ធ្ងរ ហើយខាងមន្ត្រីជំនាញក៏បានលើកគំរោងជួសជុលឡើងវិញដែរ ប៉ុន្តែគំរោងធ្លាក់ថវិកា និងចាប់អនុវត្តបាននៅឆ្នាំ២០២២។
បើតាមការអោយដឹងពីមន្ត្រីប្រចាំការនៅមាត់ច្រកកោះរកានោះវិញ បានអោយដឹងថា បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា មានទំនិញដឹកចេញចូលឆ្លងកាត់តែ២មុខប៉ុណ្ណោះ ទី១ គឺស្រូវប្រជាពលរដ្ឋ ដែលដឹកយកទៅលក់អោយឈ្មួញវៀតណាម និងទី២ គឺត្រីចិញ្ចឹមរបស់វៀតណាម ដែលដឹកយកទៅលក់នៅលើទីផ្សារស្រុកខ្មែរ ហើយត្រីចិញ្ចឹមទាំងនោះមានដូចជា ត្រីអណ្តែង ត្រីឆ្តោ និងត្រីភ្ទក់ជាដើម៕