ភ្នំពេញ ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែនស្នើដល់តុលាការបញ្ឈប់ដីការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ហើយនិងបានលើកទឹកចិត្ដលោកបន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គមនោះ អ្នកនយោបាយ និងប្រធានអង្គការសមាគម បានចេញមកបង្ហោះសារថ្លែងអំណរគុណចំពោះសម្ដេចតេជោយ៉ាងជ្រាលជ្រៅ ដែលផ្ដល់ឱកាសសម្រាប់បណ្ឌិត សេង សារី ក្នុងការបកស្រាយពីចេតនាពិតរបស់លោក។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដោយសូមអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្តាប់និងពិចារណាឡើងវិញនូវការវិភាគរបស់លោក បណ្ឌិត សេង សារី ហើយសម្លឹងឃើញការវិភាគក្នុងផ្លូវវិជ្ជមាន។ លោកបន្ដថា កម្ពុជាមានសន្តិភាពហើយ ហើយកម្ពុជាត្រូវការយកចិត្តទុកដាក់បន្ថែមលើការពង្រឹងប្រព័ន្ធយុត្តិធម៌ រៀបចំអភិបាលកិច្ចល្អ និងកសាងប្រជាធិបតេយ្យឲ្យរស់រវើកនិងចាស់ទុំ។
ចំណែកលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរវិញ បានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកថា អ្វីជារដ្ឋាភិបាលបង្រួបបង្រួមជាតិ? ក្នុងកាលៈទេសៈប្រទេសធ្លាក់ក្នុងសង្គ្រាម កលយុគ។ នោះក្រុមនយោបាយផ្សេងៗ អាចរួមគ្នាបង្កើតជារដ្ឋាភិបាលបង្រួបបង្រួមជាតិបាន។ ប៉ុន្តែបើស្ថានភាពស្រុកទេសពុំទាន់ធ្លាក់ដល់ចំណុចនោះទេ ក្រុមនយោបាយអាចមានវិធីសាស្រ្ត និងយុទ្ធសាស្រ្តផ្សេងគ្នា ដើម្បីតស៊ូមតិក្នុងក្របខណ្ឌច្បាប់។ យ៉ាងណាសម្រាប់ការរួចផុតពីការតាមចាប់ខ្លួននៅគ្រានេះ មេដឹកនាំបក្សឆន្ទៈខ្មែររូបនេះ ក៏សម្ដែងការរីកររាយផងដែរ។
ដូចគ្នាដែរលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានលើកឡើងដែរថា ក្នុងនាមអតីតសមាជិកព្រឹទ្ធសភានិងជាអ្នកនយោបាយខ្មែរម្នាក់ លោកសូមអប់អរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានពិចារណាឡើងវិញ នូវការវិភាគរបស់លោកបណ្ឌិត សេង សារី និងបានអំពាវនាវឲ្យតុលាការបញ្ឈប់ចេញដីកា ចាប់ខ្លួនលោកបណ្ឌិតសេង សារី។ នេះជាការសបញ្ជាក់ថា សម្តេចមានការថ្លឹងថ្លែងច្បាស់លាស់ ទៅលើការបកស្រាយអំពីចេតនាពិតនៃការវិភាគរបស់លោកបណ្ឌិតសេង សារី។ ចំពោះស្ថានភាពនាពេលមុន លោក ថាច់ សេដ្ឋា បានដាក់ការបន្ទោសទៅលើមន្រ្ដីថ្នាក់ក្រោមដែលថា បានធ្វើរបាយការណ៍ជូនសម្តេចដោយខ្វះការពិតប្រកបទៅដោយអគតិធម៌ទាំង៤ដែលជាហេតុនាំឲ្យសម្តេចមានការយល់ច្រឡំ ហើយក៏ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការផ្សះផ្សាជាតិ រួបរួមជាតិនិងការអភិវឍ្ឍន៍ផងដែរ។
តែយ៉ាងណាចំពោះការគិតគូយ៉ាងហ្មត់ចត់របស់សម្ដេចតេជោ ហ៊ុន សែន នៅគ្រាននេះ លោកគាំទ្រយ៉ាងពេញហឹង ចំពោះឥរិយាបទប្រកបដោយវិចារណញ្ញាណរបស់សម្តេចបែបនេះជាបន្តទៀត ដើម្បីប្រជាជាតិខ្មែរទាំងមូលបានរស់នៅដោយសុខដុមរមនីយកម្ម ក្រោមដំបូលសន្តិភាពប្រកបដោយយុត្តិធម៌ សមភាពសង្គម និងសេចក្តីថ្លៃថ្នូរ រុងរឿង ថ្កើងថ្កានជាអមតៈ៕