ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ជូនពលរដ្ឋគ្រប់ៗគ្នា

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទូទៅឲ្យបានគ្រប់ៗគ្នា។
ការប្រកាសបែបនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋតាមរយ:ហ្វេសប៊ុកពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទៅ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ សម្តេចតេជោ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជំហានដំបូងនេះ គឺសម្រាប់តែមន្រ្តីរាជការ និងកងកម្លាំងជួរមុខប៉ុណ្ណោះ ដែលចំនួននេះមានកំណត់។ សម្តេចបន្តថា ការចាក់ដូសទី១ និងដូសទី២ នៅកន្លែងណា ត្រូវទៅចាក់ដូសទី៣ នៅកន្លែងនោះ។ កន្លែងផ្សេងទៀតជារបស់អ្នកដែលបានចាក់នៅកន្លែងដែលគេធ្លាប់ចាក់។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋកុំឲ្យបារម្ភចំពោះរឿងខ្លាចមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះ ដោយសម្តេចបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានរហូតដល់ជិត ១២លាននាក់។
សម្តេចតេជោ បានឲ្យដឹងទៀតថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ឬដូសជំរុញនេះ នឹងមកដល់នៅខែកញ្ញា ឆ្នាំ២០២១ ចំនួន ៥លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មាន ៩០,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
adm

Leave a Reply

Your email address will not be published. Required fields are marked *