ព័ត៌មានអន្តរជាតិ

នាវា​លួច​​ប្រេង​ឆៅ​រ​ជិត​៣០​ម៉ឺន​បារ៉ែល​ដែលកម្ពុជាជូនដំណឹងទៅ​កាន់​ប៉ូ​លី​ស​អន្តរជាតិនាពេលនេះចាប់បានហើយ!

កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​ថា នាវា MT Strovolos ដែល​មាន​ទង់ជាតិ បា​ហា​ម៉ា គឺជា​ប្រទេស​មួយ​នៅ​ក្នុង​ប្រជុំ​កោះ Lucayan ខាងលិច​ឥណ្ឌា​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ត្រូវឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុង​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង ពណ៌​ក្រហម​មួយ ទៅ​កាន់​ប៉ូ​លី​ស​អន្តរជាតិ Interpol ដោយ​អះអាង​ថា នាវា​នេះ​បាន​លួច​យក​ប្រេង​ឆៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​បន្ត​ថា ខ្លួន​កំពុង​សួរ​ចម្លើយ​នាវិក​ជនជាតិ​ឥណ្ឌា ចំនួន ១៣​នាក់ ជនជាតិ​បង់​ក្លា​ដែ​ស ៣​នាក់ និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា ៣​នាក់ នៅ​ឯ​មូលដ្ឋាន​ទ័ពជើងទឹក​របស់​ខ្លួន​ក្បែរ​ប្រទេស​សិង្ហ​បុរី ។

កប៉ាល់​ដឹក​ប្រេង ដែល​មាន​ប្រវែង ១៨៣​ម៉ែត្រ ខាងលើ​នេះ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ទៅ​កាន់​កោះ Batam ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​បិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​របស់​ខ្លួន ហើយ​បោះ​យុថ្កា ដោយ​ខុសច្បាប់ នៅ​ក្នុង​ដែនទឹក នៃ​ប្រជុំ​កោះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី បន្ថែម​ថា ប្រធាន​ក្រុម​ជនជាតិ​បង់​ក្លា​ដែ​ស អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៤.០០០​ដុល្លារ ប្រសិនបើ រក​ឃើញ​ថា បាន​បទ​រំលោភ​លើ​ដែនសមុទ្រ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

មេបញ្ជាការ កង​នាវាចរ​ទី​១ លោក Arsyad Abdullah បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី នឹង​មិន​ស្ទាក់ស្ទើរ ក្នុង​ការ​ចាត់វិធានការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ណាមួយ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ដែនទឹក​របស់​ឥណ្ឌូ​នេ​ស៊ី​ឡើយ ។

សូម​ជម្រាប​ថា ប្រេង​ឆៅ​របស់​កម្ពុជា ចំនួន​២៩​ម៉ឺន​បារ៉ែល ដែល​ក្រុមហ៊ុន KrisEnergy បូម​បាន​ពី​តំបន់​អណ្ដូង​អប្សរា ឬ​ប្លុក​A ត្រូវ​បាន​អ្នកបើកបរ​កប៉ាល់​ផ្ទុក​ប្រេង​នោះ លួច​ដឹក​ចូល​ក្នុង​ទឹកដី​ប្រទេស​ថៃ ។

បច្ចុប្បន្ន កម្ពុជា​បាន​ផ្អាក​ដំណើរការ​បូម​ប្រេង​ឆៅ​ទាំងស្រុង បន្ទាប់​ពី​ក្រុមហ៊ុន KrisEnergy ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ប្រកាស​ក្ស័យធន នា​ដើមខែ​មិថុនា ឆ្នាំ​២០២១​មក ។ ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដល់​កុមារ និង យុវជន​ដែល​មាន​អាយុ​ពី ១២ ដល់ ១៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​១​សីហា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​នូវ​ភាព​បរាជ័យ​នៃ​ដំណើរការ​បូម​ប្រេង​ជា​លើក​ដំបូង​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន KrisEnergy ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ដូច្នេះ​ថា «២៩​ធ្នូ ឆ្នាំ​២០២០ ដែល​យើង​ប្រកាស​ដំណក់​ប្រេង​លើក​ដំបូង ប្រហែល​បរាជ័យ​ហើយ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច ហ៊ុន សែន ដែល​បាន​បន្ត​រៀបរាប់​ដូច្នេះ​៖«[​យើង​]​គ្រោង​ថា ក្នុង​មួយ​ថ្ងៃ​បូម​ប្រេង​បាន​៥,៧០០​បារ៉ែល [​តែ​]​ទី​ចុង​បំផុត​មួយ​ថ្ងៃ​បាន​តែ​១,០០០​បារ៉ែល​។ ឥឡូវ​ក្រុមហ៊ុន​ហ្នឹង​ក្ស័យធន ហើយ​វា​បូក​ថែម​ទាំង​អា​កប៉ាល់​ដែល​យើង​បូម​[​ប្រេង​]​ដាក់​ហ្នឹង វា​រត់​ចេញ​ទៅ​បាត់​ទៅ ដោយ​យើង​ទប់​មិន​ទាន់ វា​ចូល​ដល់​ដី​ថៃ រួច​ហើយ​គេ​មាន​មេធាវី​របស់​គេ​[…]​។ ឥឡូវ វា​យក​ទាំង​ប្រេង​ទៅ​បាត់​អស់រលីង​! បាត់​អស់​អា​ប្រេង​ហ្នឹង​» ៕

Picture
adm

Leave a Reply

Your email address will not be published. Required fields are marked *