រាជធានីភ្នំពេញ ៖ សម័យប្រឡងសញ្ញបត្របឋមភូមិ (ឌីប្លួម) និងការប្រឡសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២០-២០២១ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាបានកំណត់រក្សាកាលបរិច្ឆេទនៅដដែល ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បើគ្មានអ្វីប្រែប្រួលការប្រឡងឌីប្លូម និងបាក់ឌុបត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនិងវិធានការ សុវត្ថិភាពសុខភាព ។
លោកបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនទិដ្ឋភាពចំនួនពីរ គឺ១. ការប្រឡងឌីប្លូម និងបាក់ឌុបថ្នាក់ជាតិ សម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង និង ២. ការប្រឡងឌីប្លូម និងបាក់ឌុបសម្រាប់ សាលាឯកជន» ។
លោកបានរៀបរាប់ថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់ការប្រឡងថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងសម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺថ្ងៃទី១៥ វិច្ឆិកា ២០២១ ។
លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សិទ្ធិអំណាចនិងការទទួលខុសត្រូវទាំងស្រុងជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រលង ។
មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំនៅការិយាល័យជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួនក្នុងករណីចាំបាច់ ។ លោកក៏បានលើកឡើងថា ចំណែកសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺថ្ងៃទី៦ ធ្នូ ២០២១ ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុបជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចតាមឋានានុក្រម ។ ចំពោះសាលាឯកជនវិញអ្នកនាំពាក្យក៏បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបនៅតាមសាលាឯកជនរៀងៗខ្លួននៅសម័យប្រឡងឌីប្លូមសាលាឯកជន គឺថ្ងៃទី១១ តុលា ២០២១ ។