រាជធានីភ្នំពេញ ៖ នៅក្នុងរយះពេល២ថ្ងៃជាប់ៗអាជ្ញាធរ ខណ្ឌជ្រោយចង្វារបានសហការជាមួយសង្កាត់ព្រែកលៀប បានធ្វើការបិទខ្ទប់បុរីអ័រគីដេនិងបុរីប៉េងហួត ក្នុងភូមិខ្ទរ ព្រមទាំងកំណាត់ផ្លូវសម្តេចជាស៊ីម និងផ្សារព្រែកខ្វិត ស្ថិតនៅក្នុងភូមិព្រែកលៀបសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដើម្បីយកសំណាកលើកម្មករ អាជីវករ និងអ្នកលក់ដូរ ប្រជាពលរដ្ឋ នៅជុំវិញ ដោយរកឃើញ នូវវិជ្ជមានកូវីដ១៩សរុបទាំងអស់ចំនួន ៧៧នាក់ ដែលក្នុងនោះ មានផ្ទុកមេរោគទាំង៣ប្រភេទទាំងចាស់និងថ្មី ។
តាមព័ត៌មានអោយដឹងថា កាលពីថ្ងៃទី១៥ ខែសីហា អាជ្ញាធរខណ្ឌជ្រោយចង្វារបានធ្វើការបិទខ្ទប់បុរីចំនួន២ នៅក្នុងភូមិខ្ទរសង្កាត់ព្រែកលៀប ក្នុងនោះរោងកម្មករបុរីអ័រគីដេ ផ្លូវប៊ីអេស ដើម្បីរកសំណាករកឃើញវិជ្ជមានលើកម្មករចំនួន៧នាក់ក្នុងចំណោមអ្នកធ្វើយកសំណាកធ្វើតេស្តចំនួន៩៥នាក់។
ដោយឡែកនៅព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២១ នោះដែរ អាជ្ញាធរបិទខ្ទប់ បុរីប៉េង ហួត ស្ថិតនៅសង្កាត់ព្រែកលៀប ដើម្បីយកសំណាកកម្មកររហូតដល់វេលាម៉ោងប្រមាណ៦ល្ងាចទើបបញ្ចប់រកឃើញវិជ្ជមានចំនួន៦៤នាក់ ស្រី២២នាក់ ក្នុងចំណោមអ្នកយកសំណាកទាំងអស់ចំនួន២៩១នាក់ ។ អ្នកវិជ្ជមានទាំង៦៤ នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលព្យាបាលនៅមង្គលឧត្តម ។បន្ទាប់ពីយកសំណាកទីតាំងត្រូវបានអាជ្ញាធរបិទខ្ទប់ដើម្បីធ្វើចត្តាឡីស័ក។
ដោយឡែកផ្សារព្រែកខ្វិតនេះ ត្រូវបានអាជ្ញាធរ បិទខ្ទប់កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពី ក្រុមគ្រូពេទ្យរកឃើញអ្នកវិជ្ជមានកូវីដ១៩បំប្លែងថ្មីដែលតាជាច្រើននាក់ នៅបុរីប៉េង ហួត និងបុរីអូគីដេរ ដែលស្ថិតនៅក្បែរ នោះ ដែលបានចេញចូលផ្សារខាងលើនេះ។
លោកកៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារបានអោយដឹងថា ផ្សារព្រែកខ្វិត រួមទាំងកំណាត់ផ្លូវសម្តេចជា ស៊ីម ត្រង់ចំណុច ផ្លូវកែងនឹងផ្លូវជាតិលេខ៦ ត្រូវបានអាជ្ញាធរបិទខ្ទប់ ដើម្បីយកសំណាកលើអាជីវករ និងប្រជាពលរដ្ឋស្នាក់នៅជុំវិញ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើកម្មករនៅបុរីប៉េងហួត ចេញចូលផ្សារកន្លងមក។
លោកអភិបាលរងខណ្ឌបានអោយដឹងថា ការយកសំណាកបានបញ្ចប់នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី១៦ ខែសីហា ឆ្នាំ ២០២១ជាលទ្ធផលក្រុមគ្រូពេទ្យ រកឃើញវិជ្ជមានកូវីដ១៩ចំនួន៤នាក់ក្នុងនោះ មានអាជីវករ ចំនួន២នាក់និងបុគ្គលិកស្ថានីយ៍ប្រេងតេលា ចំនួន៤នាក់ ចំណោមអ្នកយកសំណាកធ្វើតេស្តចំនួន១២៣នាក់ ។ លុះនៅវេលារសៀលក្រុមគ្រូពេទ្យ បន្តចុះទៅយកសំណាករកឃើញ អ្នកវិជ្ជមានចំនួន២នាក់ទៀត សរុបទាំងអស់៦នាក់ ។
លោកអភិបាលរងបានបញ្ជាក់ទៀតថា អ្នកវិជ្ជមានទាំងនោះ គេពុំទាន់ដឹងថា បានផ្ទុកមេរោគបំលែងថ្មី ឬយ៉ាងណានោះទេ រងចាំ ក្រុមគ្រូពេទ្យទៅធ្វើតេស្តម៉ាស៊ីនធំសិន ដើម្បីបញ្ជាក់អោយកាន់តែច្បាស់ ។ ទោះបីជាយ៉ាងណា គេមានការសង្ស័យថា អ្នកវិជ្ជមានទាំងនោះសុទ្ធតែជាអ្នកផ្ទុកមេរោគបំលែងថ្មី ដែលតា ព្រោះអ្នកដែលរកឃើញវិជ្ជមានចេញចូលផ្សារខាងលើ ជាអ្នកផ្ទុកមេរោគបំលែងថ្មីដែលតា។
តាមព័ត៌មានអោយដឹងថា នៅក្នុងរយះពេល២ថ្ងៃនេះ អាជ្ញាធរបានបិទខ្ទប់បុរី អូគីដេ និងបុរីប៉េង ហួត ព្រមទាំងផ្សារព្រែកខ្វិត ដើម្បីយកសំណាកយកឃើញអ្នកវិជ្ជមានសរុបទាំងអស់ចំនួន៧៧នាក់ ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងត្រូវបានគេដឹងថា មានមេរោគទាំង៣ប្រភេទ ទាំងចាស់ទាំងថ្មី ៕