រាជធានីភ្នំពេញ ៖ វត្តមានមេរោគកូវីដ ១៩ បំប្លែង ថ្មី Delta បានធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភ និងភ័យខ្លាចមួយកម្រិតទៀត ។ អាជ្ញាធរតាមបណ្ដារាជធានី ខេត្តបានបង្កើនការរឹតបន្តឹងបន្ថែមមួយដំណាក់ទៀតដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ បំប្លែងថ្មី Delta នេះ ដែលធ្វើឲ្យប៉ះពាល់ដល់មុខរបរនិងការរកទទួលទានរបស់ប្រជាពលរដ្ឋពលរដ្ឋក្នុងនោះមានការលក់ដូរតាមផ្សារមានសភាពស្ងាត់ជ្រងំ ។
អ្នកនាង ចាន់ ប៊ុនណា អាជីវករលក់សម្លៀកបំពាក់នៅក្នុងផ្សារធំថ្មីបានឱ្យដឹងថា ក្រោយពេលអាជ្ញាធរបើកដំណើរការផ្សារឡើងវិញបន្ទាប់ពីបិទខ្ទប់ជិត ២ ខែពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនោះ ឃើញថា សកម្មភាពអាជីវកម្មនៅក្នុងផ្សារបានកម្រើកឡើងបន្តិចវិញ បើទោះបីជាមេរោគកូវីដ ១៩នៅតែបន្តរាលដាលនិងមានចំនួនឆ្លងច្រើនក្ដី តែនៅរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពេលឭថាមានមេរោគកូវីដ ១៩ បំប្លែងថ្មី ឈ្មោះ Delta បានឆ្លងដល់ សហគមន៍នោះ ការលក់ដូរក្នុងផ្សារមានសភាពស្ងាត់ទៅវិញ មិនសូវមានភ្ញៀវចូលមករកទិញនោះទេ ។
អ្នកនាងបន្តថា ចាប់តាំងពីមានជំងឺនេះឆ្លងមក មានក្រុមអាជីវករមួយចំនួនបានបិទតូបសំងំលក់តាមអនឡាញវិញ ពីព្រោះគេខ្លាចឆ្លងមេរោគថ្មីនេះ ។អាជីវករខ្លះទៀតក៏លក់តាមអនឡាញផង និងមកបើកតូបផង ពីព្រោះតម្លៃតូបក្នុងផ្សារនៅតែយកថ្លៃដដែល ។ «ពួកយើងត្រូវការប្រាក់ដើម្បីបង់ថ្លៃតូប និងសម្រាប់ដោះស្រាយជីវភាពគ្រួសារផង» នេះជាការបញ្ជាក់របស់អាជីវករខាងលើ ។
អាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សារពិភពថ្មីកំបូល ជាច្រើននាក់បាននិយាយថា សម្ភារៈណាចាំបាច់នៅតែមានអ្នកទិញ តែសម្រាប់សម្ភារៈណាមិនចាំបាច់ គឺមិនសូវមានអ្នកទិញទេនៅក្នុងបរិបទកូវីដ ១៩ ។ អ្វីដែលជាកត់សម្គាល់ កន្លែងលក់ដូរម្ហូបអាហារនៅតែមានមនុស្សអ៊ូរអរ តែសម្រាប់កន្លែងលក់សម្លៀកបំពាក់ គ្រឿងក្រអូបមិនសូវជាមានអ្នកដើររកទិញដូចមុនពេលកូវីដ ១៩ នោះទេ ។
រហូតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានផ្អាកដំណើរការផ្សារមួយចំនួនដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ ១៩ ប្រភេទថ្មី Delta ដោយតម្រូវឲ្យអាជីវករនិងអ្នកពាក់ព័ន្ធយក សំណាករកមេរោគ ដូចជានៅផ្សារដើមគរ ជាដើម ។ក្រៅពីការបិទផ្អាកដំណើរការនៅតាមផ្សារមួយចំនួនហើយអាជ្ញាធរអនុវត្តបម្រាបគោលចរផងដែរ ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធថា មេរោគកូវីដ១៩ប្រភេទថ្មីនេះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកប្រកបរបរក្រៅប្រព័ន្ធជាថ្មី ជាពិសេសបម្រាមគោចរ នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រករបរពេលយប់ឡើងវិញ ៕