(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ក្រាបក្រុមចោរដែលតែងតែងធ្វើសកម្មភាពលួចសម្ភាររបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ព្រមទាំងបង្កបញ្ហាអសន្តិសុខដល់ប្រជាពលរដ្ឋ។
ករណីបង្ក្រាបក្រុមចោរនេះ បានធ្វើឡើងក្រោមការណែនាំយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អំពីបញ្ហាខាងលើក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងការិយាល័យជំនាញបានចុះស្រាវជ្រាវ រហូតឈានដល់បំបែកសម្បុកក្រុមចោរទាំងនេះ និងបានឃាត់ខ្លួនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា នៅវេលាថ្ងៃយប់ម៉ោង១២៖០០ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល បានចុះយាមល្បាត ខណៈដល់ចំណុចផ្លូវបេតុងមុខវត្តផ្សារកណ្តាល ស្ថិតនៅក្នុងភូមិផ្សារកណ្តាល ក៏បានប្រទះជួបបុរសចំនួន០២នាក់ មានឈ្មោះ សៅ ពុំ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ យ៉ុន សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្មាំ ដើរស្ពាយការ៉ុង គួរឱ្យសង្ស័យ សមត្ថកិច្ចក៏បានសួរនាំធ្វើការត្រួតពិនិត្យ ឃើញមានក្បាលរ៉ូមីណេទឹកកន្លះការ៉ុង។
តាមការសាកសួរជនសង្ស័យ បានឆ្លើយថាគេទាំង២ស្នាក់នៅភូមិផ្សារកណ្តាល ហើយបានធ្វើសកម្មភាពលួចយករបស់ប្រជាពលរដ្ឋនៅក្នុងផ្ទះ ដែលអត់មានមនុស្សស្នាក់នៅ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លុះដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១១៖៣០នាទី យោងតាមចម្លើយសារភាពរបស់ជនទាំង២ ក៏បានឈានដល់ឃាត់ខ្លួនបក្ខពួក ចំនួន០៧នាក់បន្ថែមទៀត នៅចំណុចបន្ទប់ជួល ភូមិផ្សារកណ្តាល។
ក្រុមចោរទាំងនោះរួមមានទី១៖ ឈ្មោះ មិត្ត ណាសឿត ភេទប្រុស អាយុ២១ឆ្នាំ, ទី២៖ ឈ្មោះ ធៀង លាភហេង ហៅហើម ភេទប្រុស អាយុ២៧ឆ្នាំ, ទី៣៖ ឈ្មោះ កែវ ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤៖ ឈ្មោះ ទីម ភ័ក្ត្រ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៥៖ ឈ្មោះ យ៉ាន ស្រិន ភេទប្រុស អាយុ៣០ឆ្នាំ, ទី៦៖ ឈ្មោះ ឆោម ម៉ាន ភេទប្រុស អាយុ២៥ឆ្នាំ និងទី៧៖ ឈ្មោះ យ៉ុម ឈី ភេទប្រុស អាយុ១៧ឆ្នាំ។
ក្រុមចោរទាំងអស់នោះស្នាក់នៅភូមិផ្សារកណ្តាល ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការ ដកហូតវត្ថុតាងរួមមាន៖ កង្ហាត្រជាក់០១, ចានបង្គន់០១, ភ្លើងហ្វា០៦, ឧបករណ៍បន្ទប់ទឹក ខ្សែរភ្លើងមួយចំនួន កញ្ចក់សុលឡា០៦ដុំ, ឌីស្យង់ទ័រ១៦, រ៉ឺម៉កកង់បីចំនួន១គ្រឿង កាំបិតខ្វែវ០១, ពូថៅ០២, ដាវ០១ និងដបជក់គ្រឿងញៀនចំនួន០៣។
ជនសង្ស័យទាំងអស់បានសារភាព នៅចំពោះមុខសមត្ថកិច្ចថាពួកគេពិតជាបានធ្វើសកម្មភាពដើលួចសម្ភារៈ ចម្រុះរបស់ប្រជាពលរដ្ឋ ពិតប្រាកដមែន។ សូមបញ្ជាក់ថាជនសង្ស័យទាំងអស់មានសារធាតុញៀនចំនួន០៨នាក់។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញអធិការក្រុងប៉ោយប៉ែត ក៏បានស្នើសុំធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ សរុបចំនួន០៩នាក់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕