ព័ត៌មាន

ក្រសួងសុខាភិបាលច្រានចោលជាថ្មីព័ត៌មានដែលថា ជំងឺកូវីដ១៩ ជាប្រភេទបាក់តេរីធ្វើឲ្យមនុស្សកកឈាមស្លាប់

ដោយឃើញមានការផ្សព្វផ្សាយឡើងវិញនូវព័ត៌មាន ពាក់ព័ន្ធនឹងប្រទេសសិង្ហបុរីបានរកឃើញថា កូវីដ១៩ មិនមែនជាវីរុស តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្សនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីទៀតថា ព័ត៌មានខាងលើនេះ គឺជាព័ត៌មានក្លែងបន្លំ និងបំពុលសង្គម។
លោកស្រី ឱ វណ្ណឌីន បានស្រង់អត្ថន័យពីព័ត៌មាននោះថា ប្រទេសសឹង្ហបុរីក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក បានធ្វើកោលស្យវិច័យលើសាកសពអ្នកជំងឺកូវីដ១៩ ហើយរកឃើញថាកូវីដ១៩មិនមែនជាវីរុសទេ វាជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្ស ព្រមទាំងបណ្តាលឱ្យឈាមមនុស្សកក មានកំណកឈាម បណ្តាលឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៊ីសែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស។
ពាក់ព័ន្ធករណីនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា នេះជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាននិងកំពុងរងគ្រោះដោយការរាតត្បាតពីវីរុសកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន អះអាងថា សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅពន្យល់ថា ជំងឺកូវីដ១៩ ជាជំងឺបង្កឡើងដោយវីរុស១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់បានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់បាននៅឡើយ។
លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យឈប់ចែកចាយនូវអត្ថបទដែលមានខ្លឹមសារដូចការជម្រាបជូនខាងលើនេះបន្តទៀត ដើម្បីបង្ការការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *