ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំពិធីប្រកាសចូលកាន់តំណែងលោកប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នៅទីស្តីការ គ.ជ.ប
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ ។
តាមកម្មវិធីមានដូចតទៅ ៖
. នៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភ្ញៀវកិត្តិយសអញ្ជើញមកដល់។
. នៅវេលាម៉ោង ៨:៤៥នាទីព្រឹក សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ អញ្ជើញមកដល់។
. នៅវេលាម៉ោង ៩:០០-៩:១៥នាទីព្រឹក ប្រកាសហេតុ ប្រកាសអធិបតី និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
. នៅវេលាម៉ោង ៩:១៥-៩:៣០នាទីព្រឹក អានព្រះរាជក្រឹត្យតែងតាំងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
. នៅវេលាម៉ោង ៩:៣០-៩:៤៥នាទីព្រឹក ពិធីប្រគល់ព្រះរាជក្រឹត្យ និងត្រា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
. នៅវេលាម៉ោង ៩:៤៥-១០:០០នាទីព្រឹក សន្ទរកថារបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
. នៅវេលាម៉ោង ១០:០០-១០:១៥នាទីព្រឹក គោរពទង់ជាតិបិទកម្មវិធី។
លោកប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានមានប្រសាសន៍ថា ការងារគ.ជ.ប គឺជាស្ថាប័នមួយដែលត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមានពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ដូចជាលិខិតបទដ្ឋាន បទបញ្ជាផ្ទៃ បទបញ្ជា និងនីតិវិធីផ្សេងៗ ដែលបានកំណត់ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តឲ្យបានត្រឹមត្រូវក្នុងការចាត់ចែងបោះឆ្នោតនិមួយៗ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
សូមជម្រាបថា លោកប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយទទួលបានសំឡេងយល់ព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។
លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីរូប (លោក ប្រាជ្ញ ចន្ទ និង លោកការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប.ទៅកាន់រដ្ឋសភាហើយដែលត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប។
លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចន្លោះពីឆ្នាំ១៩៩១ដល់ ២០០១ ជាអភិបាលខេត្តបាត់ដំបង,ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ,ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប.នាពេលនេះ។
គួររម្លឹកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺលោក ប្រាជ្ញ ចន្ទ និង លោក ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសលោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។