បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ប្រើហិង្សាដោយចេតនា បណ្តាលជនរងគ្រោះបែកក្បាលដេរ១១ថ្នេរ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ខាន ខា ហៅចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ។ ចំណែកជនដៃដល់ឈ្មោះ នួន ដារ៉ា ហៅណង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះអង្គុយហូបបាយក្រោមផ្ទះម្នាក់ឯង ខណៈពេលដែលកំពុងតែឱនដួសបាយដាក់ចាន ស្រាប់តែជនសង្ស័យកាន់ដែកជ្រុងដើរសំដៅទៅវាយត្រូវចំក្បាលដេរ១១ថ្នេរនិងត្រូវចំដៃ ដោយមិនដឹងមូលហេតុ ក្រោយពីវាយរួចរត់គេចខ្លួន ។
លោកអធិការបានបន្តថា ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ឃុំសំរោង បានដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិកូនត្រី ឃុំសំរោង យកមកសួរនាំនៅនគរបាលប៉ុស្តី ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា៖ផ្អែកតាមបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នួន ដារ៉ា ហៅណង នេះ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាននៅរសៀលថ្ងៃទី២៩ ខែមិថុនា ដើម្បីចាត់ការតាមនីតិវិធី ៕