ក្នុងជំនួបលើកដំបូងជាមួយលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឱ្យអ្នករាយការណ៍ពិសេស ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ដោយត្រូវឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទពិតជាក់ស្តែងនៅកម្ពុជា។
នៅវេលាម៉ោង៣រសៀលនេះ ឧត្តម កែវ រ៉េមី បានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន តាមប្រព័ន្ធអនឡាញ ដោយផ្តោតលើចំណុចសំខាន់ចំនួន៣៖
១.វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ការងារជំនួយផ្នែកច្បាប់និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺនិងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ-១៩ ផងដែរ ដោយផ្អែកលើការអនុវត្តវិធានការដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិ រួមទាំងបរិបទសង្គមរបស់កម្ពុជា។
៣. លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការបង្ហាញពីវឌ្ឍនភាពនៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើតនិងធ្វើសកម្មភាពដោយសេរីរបស់បក្សនយោបាយនិងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ។
នៅទីបញ្ចប់ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហការនិងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស ហើយឯកឧត្តម កែវ រ៉េមី ក៏បានស្នើសុំផងដែរឱ្យអ្នករាយការណ៍ពិសេសធ្វើរបាយការណ៍និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា។