-ប្រារព្ធខួបលើកទី ៤៤ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ គឺជាខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី ៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(ពាក្យថា X16 គឺជាពាក្យកាត់ដែលខាងវៀតណាមបានកំណត់សំគាល់ច្រករបស់គេក្នុងព្រំប្រទល់គេនិងស្រុកមេមត់ខេត្តត្បូងឃ្មុំ)
នៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលាសំណាក់ វេទិកា តារាងបាល់ទាត់ ស្រះទឹក បន្ទប់អនាម័យ ការដាំកូនឈើ ។ល។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា គណៈកម្មការដែលទទួលខុសត្រូវដោយនាយឧត្តមសេនីយ៍ សៅ សុខា បានរៀបចំការប្រារព្ធពិធីនេះបានត្រឹមត្រូវណាស់ ទោះជាធ្វើកម្មវិធីតូចធំក៏ដោយ យើងចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់របស់ជាតិមាតុភូមិខ្លាំងក្លាណាស់ចំពោះមគ្គុទ្ទេស៍របស់យើង គឺសម្តេចតេជោ ហ៊ុន សែន ដែលបានចេញទៅរកផ្លូវរំដោះជាតិ គឺមានសារៈសំខាន់ណាស់ ដូច្នេះយើងត្រូវឲ្យតម្លៃខ្ពង់ខ្ពស់ណាស់ ហើយយើងត្រូវតែធ្វើកម្មវិធីនេះជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃកំណត់ ២០ មិថុនា គឺយើងនឹងធ្វើពិធីនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ការចេញទៅរកផ្លូវរំដោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់ដោយសារផ្តើមចេញពីថ្ងៃទី២០ មិថុនា
មានមគ្គុទ្ទេស៍ដឹកនាំប្រទេសមួយ គឺសម្តេចតេជោ ហ៊ុន សែន ទើបបានមានបច្ចុប្បន្ននេះ។ ដំណាក់កាលនិមួយៗដែលឆ្លងកាត់ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានត្រួសត្រាយធ្វើដំណើរទៅរៀបចំកម្លាំងដើម្បីរំដោះជាតិ ហើយជាបន្តបន្ទាប់បានឆ្លងកាត់ដំណាក់កាលច្រើនណាស់ ក៏ប៉ុន្តែដំណាក់កាលនោះយើងឲ្យតម្លៃដ៏ជាក់លាក់ថា មគ្គុទ្ទេស៍ដឹកនាំរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាអ្នកដឹកនាំគ្រប់ពេលវេលា គ្រប់ស្ថានការណ៍គ្រប់កាលៈទេសៈ។ ហើយវាជាសារៈសំខាន់មួយដ៏មានសារៈសំខាន់បំផុតសម្រាប់កូនខ្មែរយើងឲ្យដឹងទុក្ខធុរៈ និងឲ្យដឹងដំណើររឿង ហើយឲ្យដឹងពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកជាមួយកម្ពុជា វៀតណាមផងដែរ។ ហើយតម្លៃរបស់វាធំធេងណាស់បានជាយើងប្រឹងប្រែងធ្វើកិច្ចការងារនេះ គឺឲ្យតម្លៃឲ្យបានត្រឹមត្រូវ។
សូមជម្រាបថា ថ្ងៃទី២០ មិថុនា ១៩៧៧ កម្ពុជាស្ថិតក្រោមការគ្រប់គ្រង់របស់របបកម្ពុជាប្រជាធិបតេយ្យ ឬរបបវាលពិឃាត ឬរបបប្រល័យពូជសាសន៍បានកាប់សម្លាប់ប្រជជាជនកម្ពុជាយ៉ាងឃោរឃៅបំផុត។ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀតបានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដែលដឹកនាំដោយបន ប៉ុល ពត ។
ដំណើរឆ្ពោះទៅមាគ៌ាសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានឆ្លងពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។ ការប្រារព្ធខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺអាយុជីវិតរបស់ជាតិទាំងមូល ពីព្រោះបើអត់មានថ្ងៃទី២០ មិថុនា ១៩៧៧ អត់មានយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ទេ ក៏អត់មានដែរថ្ងៃ ២ ធ្នូ , អត់មានទេថ្ងៃ ៧ មករា , ហើយវាអត់មានទេថ្ងៃទី៩ ធ្នូ ១៩៩៨។
ការប្រារព្ធពិធីនេះ គឺដើម្បីជាការដឹងគុណ ក្នុងគោលដៅដើម្បីគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាដែលទទួលរងគ្រោះបាត់បង់អាយុជីវិតដោយអយុត្តិធម៌ ការកាប់សម្លាប់ បង្អត់អាហារ ការឈឺគ្មានថ្នាំព្យាបាល គោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ប្រជាជនកម្ពុជាដែលស្នេហាជាតិ ក្លាហាន ស្ម័គ្រចិត្តក្រោកឡើងចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សបប្រជាជនកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕