ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃ បានឯកភាពនឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើក១១ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ នៅកម្ពុជា ហើយសង្ឃឹមថា កិច្ចប្រជុំនេះនឹងអាចរៀបចំដោយមានការចូលរួមដោយផ្ទាល់ ។ ការឯកភាពរបស់ប្រមុខការទូតនៃប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាពីកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនកម្ពុជា និងថៃ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ដ្រី ដន ប្រាម៉ាត់វិណៃ (Don Pramudwinai) រដ្ឋមន្ដ្រីការបរទេស នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនកម្ពុជា និងថៃ។
រដ្ឋមន្រ្តីការបរទេសទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសកិច្ចសហការនៅតាមតំបន់ព្រំដែន។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះប្រទេសថៃ ដែលបានផលិតវ៉ាក់សាំងដោយជោគជ័យ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ព្រមទាំងវិស័យឯកជន ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ព្រមទាំងបានយកចិត្តទុកដាក់ថែទាំ សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ។
ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ប៊ីលានដុល្លារ ដែលត្រូវបានកំណត់ដោយ នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរនៅកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីរួមលើកទី៣ កាលពីខែកញ្ញា ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងពីរខិតខំទ្វេដង ដើម្បីសម្របសម្រួលលំហូរពាណិជ្ជកម្ម នៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។ ភាគីទាំងពីរបានឯកភាពនឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើក១១ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ នៅកម្ពុជា ហើយសង្ឃឹមថា កិច្ចប្រជុំនេះនឹងអាចរៀបចំដោយមានការចូលរួមដោយផ្ទាល់ ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌពហុភាគី រួមមានអាស៊ាន (ASEAN) និងអាស៊ី-អឺរុប (ASEM) ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាព ដែលមានតាំងពីយូរលង់មកហើយ និងភាពជាអ្នកជិតខាងល្អ រវាងព្រះរាជាណាចក្រទាំងពីរ៕